ឥណ្ឌូនេស៊ី យល់ព្រមបន្តកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសសិង្ហបុរី រយ:ពេល ៥ ឆ្នាំបន្ថែមទៀត

អន្តរជាតិ

ថ្មីៗនេះ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី បានសម្រេចបន្តកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នជូនដល់ប្រទេសសិង្ហបុរី រយ:ពេល ៥ ឆ្នាំបន្ថែមទៀត ដោយរាប់ពីថ្ងៃផុតកំណត់ដំបូង នៅឆ្នាំ ២០២៣ ទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Arifin Tasrif បានប្រាប់អ្នកសារព័ត៌មានថា ដោយបានពិចារណាលើការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបន្តផ្តល់ការផ្គត់ផ្គង់ឧស្ម័ន ដល់ប្រទេសសិង្ហបុរី រហូតដល់ឆ្នាំ ២០២៨​ ។

តែទោះជាយ៉ាងណា លោក Arifin ក៏បានសង្កត់ធ្ងន់ផងដែរថា បរិមាណ ដែលត្រូវនាំចេញក្រោមកិច្ចសន្យាថ្មីនេះ នឹងមានកម្រិតទាបជាងមុន ដើម្បីអាចផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក ។

លើសពីនេះ លោក Dwi Soetjipto ប្រធាននិយតករប្រេង និងឧស្ម័ន SKK Migas របស់ប្រទេសឥណ្ឌូនេស៊ី ក៏បាននិយាយផងដែរថា បរិមាណផ្គត់ផ្គង់អាចធ្លាក់ចុះពី ៣០% ទៅ ៤០% ដោយសារឧស្សាហកម្មក្នុងស្រុកជាច្រើន ដូចជាក្រុមហ៊ុនផលិតជីវឧស្ម័ន កំពុងព្យាមស្វែងរកហ្គាសបន្ថែមទៀត។

មិនតែប៉ុណ្ណោះ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃកាន់តែប្រសើរឡើង សម្រាប់កិច្ចសន្យាថ្មី ដែលនឹងចុះហត្ថលេខានៅក្នុងខែវិច្ឆិកានេះ ។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ ២០២០ ក្រសួងថាមពលឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាស អំពីផែនការបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសសិង្ហបុរី នៅឆ្នាំ ២០២៣ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ហ្គាសរបស់ខ្លួន និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម៕