ជនជាតិចិន ចាយលុយជាង ៤០០ លានដុល្លារ​ លើការទិញខុនដូក្នុងប្រទេសថៃ

អន្តរជាតិ

ប្រជាជនចិន ត្រូវគេរាយការណ៍ថា ស្ថិតនៅកំពូលតារាង ក្នុងនាមជាជនបរទេស ដែលចំនាយលុយទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ ក្នុងរយ:ពេល ៨ ខែដំបូង ឆ្នាំ ២០២២ នេះ ជាមួយនឹងការទិញអចលនទ្រព្យសរុប កើនឡើងដល់ ១៥ ពាន់លានបាត ឬប្រហែល ៤១៨ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើតាមលោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន Jones Lang LaSalle Thailand ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអាជីព ខាងផ្នែកអចលនទ្រព្យ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ មានខុនដូ ប្រហែល ៧៧០ ០០០ យូនីត ត្រូវបានដាក់លក់នៅលើទីផ្សារ ។

យ៉ាងណា ក្នុងចំណោមនោះ ខុនដូសរុបចំនួន ៥៨ ០៧៨ យូនីត ដែលមានតម្លៃ ១៥១ ពាន់លានបាត ត្រូវបានលក់ទៅឱ្យអតិថិជន ក្នុងអំឡុងពេល ៨ ខែដំបូង ឆ្នាំ ២០២២ នេះ ។

នៅអំឡុងពេលធ្វើសន្និសីទកាសែតអចលទ្រព្យ ដែលត្រូវបានរៀបចំឡើង នៅសណ្ឋាគារក្នុងទីក្រុងបាងកក លោកស្រី Suphin បានអះអាងថា ១០% នៃអ្នកទិញទាំងនោះ គឺជាជនជាតិបរទេស ដែលបានធ្វើការកក់ខុនដូ ចំនួន ៥ ៨០០ យូនីត ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ៣០ ពាន់លានបាត ដោយក្នុងនោះជនជាតិចិន ឈរលើគេមាន ៥០% នៃតម្លៃទិញសរុប ។

ក្រៅពីជនជាតិចិន ក្នុងនោះ ប្រជាជនសហរដ្ឋអាមេរិក បារាំង រុស្ស៊ី អង់គ្លេស តៃវ៉ាន់ អូស្ត្រាលី ឥណ្ឌា កម្ពុជា និងមីយ៉ាន់ម៉ា ក៏បានទិញខុនដូ ក្នុងតម្លៃសរុប ប្រមាណ ១៥ ពាន់លានបាតផងដែរ នៅក្នុងរយ:ពេល ៨ ខែដំបូងឆ្នាំនេះ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី Suphin បានសង្កត់ធ្ងន់ទៀតថា ចំនួនខុនដូ នៅតែមានការផ្គត់ផ្គង់លើសតម្រូវការ ដូច្នេះហើយទើបអ្នកអភិវឌ្ឍចាប់ផ្តើមមានភាពយឺតយ៉ាវ ក្នុងការសាងសង់ខុនដូថ្មីៗ ចាប់តាំងពីឆ្នាំ ២០១៩ មកម្លេះ ដោយភាគច្រើនពួកគេបានផ្តោតទៅលើ ការសាងសង់សណ្ឋាគារ ការិយាល័យ និងកន្លែងលក់ទំនិញរាយជំនួសវិញ៕