ក្រុមហ៊ុនរដ្ឋថៃ Egco លក់ចោលភាគហ៊ុនតម្លៃ ៤៨៥ លានដុល្លារ ពីរោងចក្រថាមពល ៣ នៅឥណ្ឌូនេស៊ី

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Egco ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនី ស្ថិតនៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរអគ្គិសនីរបស់ប្រទេសថៃ បានសម្រេចចិត្តលក់ចេញភាគហ៊ុនទាំងអស់របស់ខ្លួន ដែលមានតម្លៃសរុបប្រមាណ ៤៨៥ លានដុល្លារ ក្នុងរោងចក្រថាមពលធំៗ ចំនួន ៣ នៅប្រទេសឥណ្ឌូនេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា លោក Thepparat Theppitak ប្រធានក្រុមហ៊ុន Egco បាននិយាយថា ការសម្រេចចិត្តក្នុងការលក់ភាគហ៊ុនចេញនេះ គឺអាចនឹងផ្តល់ឱកាសបន្ថែមទៀត សម្រាប់ក្រុមហ៊ុនរបស់លោក ក្នុងការរៀបចំអនាគត ដើម្បីងាកមកបណ្តាក់ទុនថ្មីៗ ជាពិសេសទៅលើថាមពលកកើតឡើងវិញ ។

គួរឱ្យដឹងថា Phoenix Power BV ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័គ្រប់គ្រងទាំងស្រុងដោយ Egco បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួនចំនួន ២០% នៅក្នុងក្រុមហ៊ុន Star Energy Geothermal Pte (SEG) ទៅឱ្យក្រុមហ៊ុន Star Energy Group Holdings Pte កាន់កាប់ជំនួសវិញ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Phoenix Power BV ក៏បានលក់ភាគហ៊ុនចំនួន ៣០,២៥% បន្ថែមទៀត នៅក្នុងក្រុមហ៊ុន Star Phoenix Geothermal JV BV (SPG) ផងដែរ។ ខណ:កិច្ចព្រមព្រៀងលក់ភាគហ៊ុនទាំងនេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ហើយទើបតែត្រូវបានបិទបញ្ចប់ជាផ្លូវការ កាលពីសប្តាហ៍មុន ។

លើសពីនេះ លោក Tepparat បាននិយាយថា ការសម្រេចចិត្តក្នុងការលក់ភាគហ៊ុនទាំងអស់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Egco ក្នុងការឱ្យមានលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុន ជាមួយនឹងការងាកទៅធ្វើការវិនិយោគទៅលើថាមពលផ្សេងទៀត ។

ជម្រាបជូនផងដែរថា Egco បានចូលទៅបណ្តាក់ទុន ទៅក្នុងក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ ២០១៤ មក តាមរយ:ការវិនិយោគ នៅក្នុងក្រុមហ៊ុន SEG និង SPG ដែលជាម្ចាស់ភាគហ៊ុនធំរបស់ EG Wayang Windo និង SEG Salak-Darajat BV ។

បញ្ជាក់ថា ក្រុមហ៊ុន EG Wayang Windo កាន់កាប់ និងដំណើរការរោងចក្រថាមពលកំដៅក្នុងផែនដី Wayang Windu ដែលមានសមត្ថភាពផលិតអគ្គិសនីបានដល់ ២២៧ មេហ្គាវ៉ាត់ ខណ:រោងចក្រនេះមានទីតាំងនៅកោះ West Java ។ ទន្ទឹមនឹងនេះ SEG Salak-Darajat BV ក៏ដំណើរការរោងចក្រថាមពលកំដៅក្នុងផែនដី ចំនួនពីរផងដែរ គឺ Salak និង Darajat ខណ:រោងចក្រទាំងនេះ ក៏មានទីតាំងនៅ West Java ដូចគ្នា៕