ក្រុមហ៊ុនខ្នាតយក្សនៅអឺរ៉ុប ២ ចាប់ដៃគ្នាបោះទុនរាប់ពាន់លានដុល្លារ សង់រោងចក្រនីកែលនៅឥណ្ឌូនេស៊ី

អន្តរជាតិ

យោងតាមក្រសួងវិនិយោគឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ក្រុមហ៊ុន BASF របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនរុករករ៉ែរបស់បារាំង Eramet កំពុងឈានទៅរកការបញ្ចប់កិច្ចព្រមព្រៀង ក្នុងភាពជាដៃគូ ដែលមានតម្លៃ ២,៦ ពាន់លានដុល្លារ ដើម្បីធ្វើការវិនិយោគ ទៅក្នុងរោងចក្រ នៅប្រទេសឥណ្ឌូនេស៊ី សម្រាប់ការកែច្នៃនីកែល ក្នុងការប្រើប្រាស់ដើម្បីផលិតអាគុយបំពាក់លើរថយន្តអគ្គិសនី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិក្រុមហ៊ុន BASF លោក Martin Brudermuller បាននិយាយថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរបស់លោក ជាមួយ Eramet គឺស្ថិតនៅដំណាក់កាលចុងក្រោយហើយ ខណ:ផែនការក្នុងការចាប់ផ្តើមគម្រោងថ្មីនេះ អាចនឹងត្រូវធ្វើឡើង នៅឆមាសទីមួយ ឆ្នាំ ២០២៣ នេះ ។

បន្ថែមពីនេះ បើតាមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Eramet បានបង្ហាញឱ្យដឹងទៀតថា គម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍរោងចក្រផលិតទឹកអាស៊ីតសម្ពាធខ្ពស់ (HPAL) និងល្បាយ MHP ពីរ៉ែនីកែល សម្រាប់ការផលិតជាអាគុយ បំពាក់នៅលើរថយន្តអគ្គិសនី ដែលមានទីតាំងនៅតំបន់ឈូងសមុទ្រ Weda របស់ប្រទេសឥណ្ឌូនេស៊ី។ ហើយចំពោះរោងចក្រថ្មីនេះ ត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ ២០២៦៕