ជំទាវទីមួយអ៊ុយក្រែន សុខចិត្តបោះចោលជំនាញស្ថាបត្យកម្ម ដើម្បីដើរតាមក្តី​ស្រមៃ​របស់ស្វាមី

អន្តរជាតិ

លោកស្រី Olena Zelenska បច្ចុប្បន្នមានវ័យ ៤៥ ឆ្នាំ បានក្លាយជាជំទាវទីមួយរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីស្វាមីរបស់លោកស្រី គឺលោក Volodymyr Zelenskyy ត្រូវបានឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់លោកស្រី Zelenska បានចាប់រីកសាយភាយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិ បន្ទាប់ពីលោកស្រីតែងតែបានចេញមុខ ក្នុងការស្វែងរកជំនួយមនុស្សធម៌ សម្រាប់ប្រជាជនអ៊ុយក្រែន និងរក្សាទំនាក់ទំនងការទូតជាមួយប្រទេសលោកខាងលិច ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមបើកការឈ្លានពានទៅលើអ៊ុយក្រែន នៅក្នុងខែកុម្ភ: ឆ្នាំ ២០២២ មក។

ជុំវិញភាពលេចធ្លោនេះ ឧកញ៉ាញូវ នឹងលើកយករឿងរ៉ាវទាក់ទងខ្លះៗ ដែលអ្នកគួរតែដឹងអំពីជំទាវទីមួយរបស់ប្រទេសអ៊ុយក្រែន ដូចតទៅ ៖

លោកស្រី Olena Zelenska មានឈ្មោះពិត Olena Kiyashko បានកើតនៅថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ ១៩៧៨ នៅទីក្រុង Kryvyi Rih ប្រទេសអ៊ុយក្រែន លោកស្រីជាកូនទោល នៅក្នុងគ្រួសារមានជីវភាព​ធូរធា​មួយ ដោយយោងតាមទស្សនាវដ្តី Vogue បានបង្ហាញថាម្តាយរបស់លោកស្រី គឺជាវិស្វករ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនសំណង់ ហើយចំណែកឯឪពុកវិញ គឺជាសាស្រ្តាចារ្យ នៅក្នុងសាលាបច្ចេកទេសមួយ ។

លោកស្រី Olena និងស្វាមី លោក Zelenskyy បានចាប់ផ្តើមទាក់ទងគ្នាដំបូង នៅក្នុងឆ្នាំ ១៩៩៥ ប៉ុន្តែបើតាមការចុះផ្សាយពីកាសែត The Sunday Times បានបង្ហាញថា អ្នកទាំងពីរ បានស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យមកម្លេះ។

ប្តីប្រពន្ធមួយគូនេះ បានចូលរៀននៅសាកលវិទ្យាល័យជាតិ Kryvyi Rih ដែលជាកន្លែងលោកស្រី Olena សិក្សាទៅលើមុខជំនាញស្ថាបត្យកម្ម ស្របពេលលោក Zelenskyy បានចាប់យកផ្នែកច្បាប់ នៅទីនោះ ។

អ្នកទាំងពីរបានណាត់ជួបគ្នាអស់រយ:ពេល ៨ ឆ្នាំ ហើយបានសម្រេចរៀបការ នៅក្នុងខែកញ្ញាឆ្នាំ ២០០៣ ដោយបច្ចុប្បន្នប្តីប្រពន្ធមួយគូនេះ មានកូនស្រីម្នាក់អាយុ ១៨ ឆ្នាំ និងកូនប្រុសម្នាក់ អាយុ ៩ ឆ្នាំ ។

គួរឱ្យដឹងថា លោកស្រី Olena បានសម្រេចចិត្តបោះចោលជំនាញស្ថាបត្យកម្មរបស់លោកស្រី ដោយងាកមកដើរតាមស្វាមី ដើម្បីចាប់យកអាជីពជាអ្នកដឹកនាំ និងសរសេររឿង នៅក្នុងកម្មវីធីកំប្លែងមួយ នៅក្រុមហ៊ុន Studio Kvartal 95 ជំនួសវិញ ។

លោកស្រី Olena និងស្វាមី ទទួលបានភាពជោគជ័យយ៉ាងខ្លាំង នៅក្នុងវិស័យនេះ រហូតដល់អ្នកទាំងពីរ រួមជាមួយមិត្តភ័ក្តិមួយចំនួនទៀត បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផលិតកម្មផ្ទាល់ខ្លួនមួយ ដាក់ឈ្មោះ Kvartal 95 ។

រហូតមកដល់ឆ្នាំ ២០១៩ លោកស្រី Olena ត្រូវបានតែងតាំងជាជំទាវទីមួយរបស់ប្រទេសអ៊ុយក្រែន នៅពេលដែលលោក Zelenskyy បានសម្រេចចិត្តចូលរួមក្នុងការប្រជែងយកតំណែងប្រធានាធិបតី បន្ទាប់ពីក្រុមហ៊ុនផលិតកម្មរបស់លោកស្រី បានសម្រេចបង្កើតបក្សនយោបាយមួយ ដែលមានឈ្មោះថា Servant of the People ពោលគឺបានដាក់ឈ្មោះតាមសាច់រឿងកំប្លែងដ៏ពេញនិយម ដែលស្វាមីរបស់លោកស្រីបានចូលរួមសម្តែង។ ជាមួយនឹងការបង្កើតវេទិកាគាំទ្រលើលទ្ធិសេរីនិយម និងមានភាពល្បីល្បាញស្រាប់ បានធ្វើឱ្យគណបក្សនេះ ទទួលបានការឈ្នះសន្លឹកឆ្នោតភ្លូកទឹកភ្លូកដី ។

ដំបូងឡើយលោកស្រី Olena ហាក់មានភាពស្ទាក់ស្ទើ ចំពោះការចូលរួមប្រជែងតំណែងជាប្រធានាធិបតីរបស់ស្វាមីលោកស្រី ដោយមានក្តីបារម្ភថា ជីវិតរបស់លោកស្រីអាចនឹងត្រូវផ្លាស់ប្តូរខ្លាំង។

តែទោះជាយ៉ាងណាលោកស្រី Olena បាននិយាយថា ៖ ” ខ្ញុំមានការគោរពដល់ការសម្រេចចិត្តរបស់ស្វាមីខ្ញុំ ហើយខ្ញុំយល់ថានេះ ជាជំហានដ៏សំខាន់មួយ សម្រាប់គាត់។ ការផ្លាស់ប្តូរនឹងមានភាពរយ:ពេលយូរ និងស្មុគស្មាញខ្លាំង។ ហើយខ្ញុំដឹងថានឹងមានការងារច្រើនបន្ថែមទៀតសម្រាប់ខ្ញុំ តែខ្ញុំបានសម្រេចចិត្តត្រូវហើយ” ៕