អាស៊ាន សម្រេចរើសយកទីក្រុងហ្សាកាតា ធ្វើជាទីស្នាក់ការកណ្តាលបណ្តោះអាសន្នរបស់ RCEP

អន្តរជាតិ

ថ្មីៗនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន បានសម្រេចបង្កើតការរិយាល័យបណ្តោះអាសន្នមួយ ដើម្បីត្រួតពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS បានបង្ហាញថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្តាហ៍មុន ។

គួរឱ្យដឹងថា លេខាធិការដ្ឋានបណ្តោះអាសន្ននៃកិច្ចព្រមព្រៀង RCEP នេះ នឹងត្រូវបង្កើតឡើងជាអង្គភាពពិសេសមួយ នៅទីស្នាក់ការកណ្តាលអាស៊ាន ក្នុងទីក្រុងហ្សាកាតា ដោយសង្ឃឹមថានឹងអាចផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាលេខធិការដ្ឋាន RCEP ឯករាជ្យមួយ ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ដល់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ការដាក់ទីតាំងណាមួយ ជាការរិយាល័យកណ្តាលអចិន្ត្រៃយ៍ RCEP នៅមិនទាន់សម្រេចនៅឡើយនោះទេ ដោយសារតែមានប្រទេសមាជិកមួយចំនួន សុទ្ធសឹងតែចង់ធ្វើជាម្ចាស់ផ្ទះ ខណ:កម្ពុជា ក៏បានបង្ហាញយ៉ាងច្បាស់ផងដែរ នូវបំណងចង់ក្លាយជាម្ចាស់ផ្ទះ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដោយត្រូវបានដាក់ឱ្យចូលជាធរមាន កាលពីខែមករាឆ្នាំមុន ដោយដំបូងឡើយមានប្រទេសជាសមាជិកចំនួន ១៥ ដោយក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ រួមទាំងដៃគូផ្សេងទៀត មានដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ខណ:ប្រទេសឥណ្ឌា បានសម្រេចចិត្តដកខ្លួនចេញវិញ ក្នុងឆ្នាំ ២០១៩ ។

បញ្ជាក់ទៀតថា ពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាមួយនិងដៃគូ RCEP បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីកិច្ចព្រមព្រៀងនេះ បានចូលជាធរមាន ដោយសារតម្លៃពន្ធទាប និងទទួលបានទីផ្សារធំទូលាយ ៕