វៀតណាមមានគម្រោងពង្រីកសមត្ថភាពផ្ទុកទុកប្រេងឆៅរបស់ខ្លួនបន្ថែមទៀត ដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជំរុញឲ្យមានការសាងសង់ឃ្លាំងស្តូកទុកប្រេងបម្រុងជាតិ នៅកោះ Nghi Son និងគម្រោងស្រដៀងគ្នានៅកន្លែងផ្សេងទៀត ដើម្បីពង្រឹងសន្តិសុខថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ថ្លែងប្រាប់ទៅក្នុងកិច្ចប្រជុំសមាជិករដ្ឋាភិបាលអចិន្ត្រៃយ៍ នៅទីក្រុងហាណូយ កាលពីថ្ងៃទី១ ខែមេសា លោក Pham បាននិយាយថា ការសាងសង់កន្លែងផ្ទុកប្រេងឆៅនៅ Nghi Son ក្នុងខេត្ត Thanh Hoa ភាគកណ្តាលប្រទេស គឺត្រូវពឹងផ្អែកលើមូលដ្ឋានគ្រឹះនយោបាយ ច្បាប់ ការអនុវត្តជាក់ស្តែង និងផែនការដ៏រឹងមាំ។
គម្រោងនេះ នឹងអនុវត្តតាមផែនការមេស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្ទុក និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នជាតិសម្រាប់ឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០។ វាក៏ត្រូវបានធ្វើឡើងដើម្បីដោះស្រាយតម្រូវការបន្ទាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈពេលដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខថាមពលជាតិ។
ជម្រាបជូនថា ដោយសារតែតម្រូវការប្រេងឥន្ធនៈកំពុងកើនឡើង ហើយការផ្គត់ផ្គង់នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារសកល ការកសាងទុនបម្រុងប្រេងឆៅជាមុន នឹងជួយវៀតណាមកាត់បន្ថយហានិភ័យពីការប្រែប្រួលមិនស្ថិតស្ថេរ៕

