ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen គ្រោងនឹងបញ្ឈប់ការផលិតរថយន្តម៉ូដែល Santana ដ៏ពេញនិយមរបស់ខ្លួន នៅក្នុងប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនរថយន្ត Volkswagen របស់អាល្លឺម៉ង់ គ្រោងនឹងឈប់ផលិតរថយន្តម៉ូដែល Santana របស់ខ្លួន នៅក្នុងទឹកដីប្រទេសចិន បន្ទាប់ពីបានដាក់លក់រថយន្តប្រភេទនេះ អស់រយ:ពេលជាង ៣ ទស្សវត្សរ៍ ហើយវាក៏ជាម៉ូដែលដំបូង ដែលក្រុមហ៊ុនបានផលិតនៅក្នុងប្រទេសនេះ រហូតដល់ក្លាយជារថយន្តដ៏ពេញនិយមបំផុត សម្រាប់ប្រជាជានដែលមានជីវភាពធូរធា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារមួយរបស់រដ្ឋាភិបាល បានបង្ហាញថា ការបណ្តាក់ទុនរួមគ្នា របស់ក្រុមហ៊ុន Volkswagen AG ជាមួយក្រុមហ៊ុន SAIC Motor នឹងលែងធ្វើការផលិតរថយន្តប្រភេទ Santana , Skoda Rapid និងរថយន្តប្រភេទ SUV Thau sport-utility ក្នុងរោងចក្ររបស់ខ្លួន នៅឯភាគខាងកើតទីក្រុង Yizheng ទៀតហើយ ។

ជាក់ស្តែង រោងចក្រនោះ គឺជាកន្លែងចម្បង ដែលទទួលខុសត្រូវក្នុងការផលិតរថយន្តម៉ូដែល Santana នៅក្នុងប្រទេសចិន ហើយពួកគេមានសមត្ថភាពផលិតបាន ២២៤ ៤០០ គ្រឿងក្នុងមួយឆ្នាំ ។

ដោយឡែកជុំវិញផែនការឈប់ផលិតចំពោះម៉ូដែលខាងលើ ក្រុមហ៊ុន Volkswagen មិនបានធ្វើការអត្ថាធិប្បាយដោយផ្ទាល់នោះទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រាប់ Reuters ថា ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ បានផ្លាស់ប្តូរពីការជិះរថយន្តប្រភេទ sedans ទៅរករថយន្តប្រភេទ SUV វិញ ។

សូមរំលឹកផងដែរថា ការផលិតម៉ូដែល Santana បានចាប់ផ្តើមដំបូងនៅក្នុងប្រទេសចិន នៅឆ្នាំ ១៩៨៥ ហើយក្រុមហ៊ុន Volkswagen បាននិយាយថា រថយន្តជាង ៦ លានគ្រឿង ត្រូវបានលក់ទៅឲ្យអតិថិជនចិន ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ យ៉ាងណាក៏ដោយ វានៅតែមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនយក្សអាល្លឺម៉ង់នេះ នឹងបន្តផលិតម៉ូដែល Santana លក់នៅក្នុងទីផ្សារផ្សេងទៀតឬអត់នោះទេ ៕​

ប្រភព: Kelo