ចៅក្រមសហព័ន្ធម្នាក់បានបញ្ជាឲ្យបញ្ឈប់ការសាងសង់សាលជប់លៀងតម្លៃ ៤០០លានដុល្លាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងសេតវិមាន ដោយអះអាងថាគម្រោងនេះតម្រូវឲ្យមានការយល់ព្រមពីសភាជាមុនសិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៣១ ខែមីនា ចៅក្រម Richard Leon នៅក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានអនុម័តសំណើពីអង្គការអភិរក្សបេតិកភណ្ឌជាតិ (NTHP) ដើម្បីបញ្ឈប់ការសាងសង់លើគម្រោងសាលជប់លៀងនៅក្នុងសេតវិមាន។ បីខែមុន NTHP ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងម្តងរួចហើយ ដោយចោទប្រកាន់ថារដ្ឋបាលលោក ត្រាំ ខ្វះសិទ្ធិអំណាចក្នុងការរុះរើផ្នែកខាងកើតនៃសេតវិមាន ដើម្បីសាងសង់រចនាសម្ព័ន្ធថ្មី។
លោក Leon បានសង្កត់ធ្ងន់ទៀតថារដ្ឋបាលលោក ត្រាំ បានបរាជ័យក្នុងការលើកឡើងពីច្បាប់ណាមួយដែលនឹងអនុញ្ញាតឲ្យពួកគេអាចធ្វើការរុះរើផ្នែកខាងកើតនៃសេតវិមាន ដោយគ្មានការអនុញ្ញាតពីសភា។ លោកក៏បានកត់សម្គាល់ផងដែរថា វាគ្មានបទប្បញ្ញត្តិណាមួយដែលផ្តល់អំណាចឲ្យប្រធានាធិបតី ជាម្ចាស់នៃសេតវិមាន និងធ្វើអ្វីបានតាមចិត្តនោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណា ដោយឆ្លើយតបវិញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក ត្រាំ បានរិះគន់អង្គការដែលដាក់ពាក្យបណ្តឹងនេះថាជាក្រុមជ្រុលឆ្វេងនិយម និងអះអាងទៀតថា គម្រោងសាលជប់លៀងនេះមានប្រសិទ្ធភាពចំណាយ មុនកាលវិភាគ និងមិនធ្វើឲ្យអ្នកជាប់ពន្ធខាតបង់ប្រាក់កាក់នោះឡើយ៕

