ស្រីលង្កា អនុម័តឱ្យក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា សង់រោងចក្រថាមពលខ្យល់តម្លៃជាង ៤០០ លានដុល្លារ ក្នុងប្រទេសខ្លួន

អន្តរជាតិ

ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសស្រីលង្កា បានធ្វើការអនុម័តគម្រោងរោងចក្រថាមពលខ្យល់ចំនួន ២ របស់ក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Adani Green Energy Ltd សាងសង់នៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤៤២ លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលស្រីលង្កា បានបង្ហាញឱ្យដឹងថា គម្រោងរោងចក្រថាមពលខ្យល់ចំនួន ២ ដែលមានកម្លាំងរហូតដល់ ៣៥០ ម៉េហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការ ក្នុងរយ:ពេល ២ ឆ្នាំខាងមុខ ។

គួរឱ្យដឹងថា Adani Green Emergy គឺជាបុត្រសម្ព័ន្ធធំមួយរបស់ក្រុមហ៊ុនមេ Adani Group ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលរបស់អាស៊ី គឺលោក Gautam Adani។ ហើយក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ Adani Group បានព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួន ទៅក្រៅប្រទេស ជាមួយនឹងការបណ្តាក់ទុន ស្ទើតែគ្រប់ទីកន្លែង ដោយរាប់ចាប់ពីប្រទេសមីយ៉ាន់ម៉ា រហូតដល់ប្រទេសអ៊ីស្រាអ៊ែល ។

យ៉ាងណាមិញ ប្រទេសស្រីលង្កា បានជួបជាមួយនឹងបញ្ហាជាច្រើន ទាក់ទងទៅនឹងកង្វះខាតថាមពលអគ្គិសនី អស់រយ:ពេលជាងមួយឆ្នាំមកនេះ ដែលជាហេតុបានធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះ ព្យាយាមផ្តោតទៅលើគម្រោងថាមពលកកើតឡើងវិញ ។

បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាវិនិយោគស្រីលង្កា បានឱ្យដឹងទៀតថា គម្រោងថាមពលខ្យល់ដ៏ធំរបស់ក្រុមហ៊ុន Adani នេះ អាចនឹងបង្កើតឱកាសការងារថ្មីៗ ពី ១ ៥០០ ទៅ ២ ០០០ កន្លែងសម្រាប់ពលរដ្ឋរបស់ខ្លួន ខណ:ក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ ក៏កំពុងចូលរួមនៅក្នុងគម្រោងសាងសង់កំពង់ផែថ្មីបំផុតមួយ ដែលមានតម្លៃ ៧០០ លានដុល្លារ នៅក្នុងប្រទេស្រីលង្កា ផងដែរ ៕