ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC គ្រោងជួលបុគ្គលិកថ្មីជាង ៦ពាន់នាក់ នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Taiwan Semiconductor Manufacturing Co Ltd (TSMC) របស់តៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅថា ក្រុមហ៊ុនខ្លួនគ្រោងនឹងជួលបុគ្គលិកថ្មីៗ ប្រមាណជាង ៦ ០០០ នាក់ នៅក្នុងឆ្នាំ ២០២៣ នេះ ។ នេះបើតាមការចុញផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននិងកំពុងធ្វើចម្រុះកម្មទៅលើអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតរោងចក្រថ្មីៗជាច្រើន ដែលកំពុងគ្រោងទុក ដូចជានៅក្នុងទឹកដីសហរដ្ឋអាមេរិក នៅប្រទេសជប៉ុន ហើយក៏អាចមានវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ។

យ៉ាងណាមិញ ជុំវិញផែនការពង្រីកអាជីវកម្មរបស់ខ្លួនដ៏ធំនេះ ក្រុមហ៊ុន TSMC បានបង្ហាញថា កំពុងតែស្វែងរកការជួលបុគ្គលិកថ្មីៗជាច្រើន ជាពិសេសទៅលើវិស្វករវ័យក្មេងមានជំនាញ ក៏ដូចជាបុគ្គលិកដែលមាន បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី ក៏ដូចជាផ្នែកទាក់ទងទៅនឹង Software នៅក្នុងទីក្រុងនានា ទូទាំងកោះតៃវ៉ាន់ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន TSMC បានបន្ថែមឱ្យដឹងទៀតថា ប្រាក់ឈ្នួលសរុបជាមធ្យមសម្រាប់វិស្វករថ្មី ដែលមានសញ្ញាប័ត្រអនុបណ្ឌិត គឺអាចទទួលបានប្រមាណ ២លានដុល្លារតៃវ៉ាន់ ឬជាង ៦៥ ០០០ដុល្លារអាមេរិក ។

ជម្រាបជូនឱ្យដឹងផងដែរថា ផែនការជួលបុគ្គលិកទ្រង់ទ្រាយធំនេះ គឺបានកើតឡើង បើទោះបីជាមានការធ្លាក់ចុះជាសកល នៅក្នុងឧស្សាហកម្មបន្ទះឈីបក៏ដោយ ខណ:ពេលដែលក្រុមហ៊ុន TSMC បានធ្វើការកាត់បន្ថយការចំណាយទៅលើដើមទុនប្រចាំឆ្នាំរបស់ខ្លួនបន្តិចបន្តួចរួចទៅហើយ សម្រាប់ឆ្នាំ ២០២៣ នេះ ហើយបានធ្វើការព្យាករអំពីការធ្លាក់ចុះប្រាក់ចំណូលនៅត្រីមាសទីមួយ ប៉ុន្តែនៅតែមានក្តីរំពឹងទុកខ្ពស់ថា តម្រូវការអាចនឹងមានការកើនឡើងវិញ នៅឆមាសទី ២ នៃឆ្នាំនេះ ៕