តើបេក្ខភាពជួរមុខ បន្តវេននាយករដ្ឋមន្ត្រីចិនជានរណា?​

អន្តរជាតិ

លោក Li Qiang ដែលជាមនុស្សដ៏ជំនិតបំផុតម្នាក់របស់ប្រធានាធិបតីលោក Xi Jinping ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសចិន នៅក្នុងខែមីនា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Li Keqiang នឹងត្រូវចុះចេញពីតំណែង ក្រោយបញ្ចប់អាណត្តិរបស់គាត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញភាពលេចធ្លោ និងទទួលបានការទុកចិត្តខ្ពស់ពីសំណាក់ជួររដ្ឋាភិបាលនេះ តើ​ លោក Li Qiang មានប្រវត្តិបែបណាខ្លះ?

លោក Li បានកើតនៅក្នុងខែកក្កដា ឆ្នាំ ១៩៥៩ នៅទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន ដោយលោកធ្លាប់ធ្វើជាកម្មករនៅក្នុងស្ថានីយ៍បូមទឹកធារាសាស្រ្តមួយ នៅក្នុងស្រុកកំណើតពី ឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៧ ហើយបានបន្តធ្វើការនៅក្នុងរោងចក្រ នៅក្នុងឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៨ ។

ជុំវិញប្រវត្តិសិក្សា លោក Li បានចូលសិក្សាផ្នែកគ្រឿងយន្តកសិកម្ម នៅក្នុងសាកលវិទ្យាល័យកសិកម្ម Zhejiang ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៨២ ខណ:លោកក៏បានសិក្សាផ្នែកសង្គមវិទ្យា នៅក្នុងសាកលវិទ្យាល័យឯកជនមួយ នៅក្នុងទីក្រុងប៉េកាំងផងដែរ ចន្លោះពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៨៧។

យ៉ាងណាមិញ លោក ​Li បានវិលត្រលប់មករៀននៅសាកលវិទ្យាល័យ Zhejiang សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកវិស្វកម្មគ្រប់គ្រង ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៧ និងសាលា Central Party School សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពិភពលោកពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤។ ហើយបន្ទាប់មក លោកបានចូលរៀននៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហុងកុង ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ និងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ ២០០៥។

គួរឱ្យដឹងថា អំឡុងពេលសិក្សានោះ លោក Li បានសម្រេចចិត្តចូលរួមនៅក្នុងបក្សកុម្មុយនិស្តចិន (CCP) នៅក្នុងឆ្នាំ ១៩៨៣ ហើយបានក្លាយជាលេខាដំបូងនៃសម្ព័ន្ធយុវជនកម្មុយនិស្តប្រចាំខេត្ត Zhejiang។ ក្រោយមកទៀត លោក បានចូលបម្រើការ នៅក្នុងមន្ទីរកិច្ចការរដ្ឋប្បវេណីខេត្ត និងបន្ទាប់មកបានក្លាយជាអនុលេខាបក្ស។

លោក Li ត្រូវបានតំឡើងតំណែងជាអភិបាលខេត្ត Zhejiang នៅក្នុងឆ្នាំ ២០១២ ក្រោយមកទៀត បានក្លាយជាលេខាបក្សប្រចាំខេត្ត Jiangsu ហើយទីបំផុតបានផ្ទេរតំណែងទៅជាលេខាបក្សទីក្រុងសៀងហៃ នៅក្នុងឆ្នាំ ២០១៧ ជាឆ្នាំដដែល ដែលគាត់ត្រូវបានដំឡើងឋានៈឱ្យក្លាយជាសមាជិកនៃការិយាល័យនយោបាយបក្ស CCP។

អំឡុងពេលបានបម្រើការរួមគ្នាជាមួយអគ្គលេខាធិការបក្ស CCP បច្ចុប្បន្នលោក Xi Jinping លោក Li ត្រូវបានគេមើលឃើញថាបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទជាមួយលោក Xi ហើយកាលពីខែតុលាឆ្នាំមុន លោកត្រូវបានតំឡើងតំណែងជាសមាជិកជាន់ខ្ពស់បំផុតម្នាក់ ដោយឈរនៅលេខរៀងទី ២ ក្រោមលោក Xi នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលមានជាសមាជិក ៧រូប។

ជម្រាបជូនផងដែរថា ជុំវិញការឈរនៅលើតំណែងដ៏ខ្ពស់មួយនេះ វាត្រូវបានគេរំពឹងទុកថា លោក Li នឹងបន្តក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ចិន នៅក្នុងខែមីនា ឆ្នាំ ២០២៣នេះ នៅពេលដែលលោក Li Keqiang ត្រូវអស់តំណែង ៕