ឥស្សរជន និងអ្នកឧកញ៉ារូបណាខ្លះកាន់កន្ត្រៃកាត់ខ្សែបូរសម្ពោធសណ្ឋាគារថ្មីរបស់ក្រុមហ៊ុនយក្ស ជីបម៉ុង

ជុំវិញ​ឧកញ៉ា

សណ្ឋាគារលំដាប់អន្តរជាតិ ដែលជាបុត្រសម្ព័ន្ធក្នុងវិស័យជំនួញបដិសណ្ឋារកិច្ច និងទេសចរណ៍របស់ក្រុមហ៊ុន ជីបម៉ុង គ្រុប មានឈ្មោះថា «ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ» សម្រេចប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមការផ្តល់កិត្តិយសជាអធិបតីភាពពីកូន​ប្រុស​ច្បង​របស់​សម្តេចតេជោ ហ៊ុន សែន និង​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​បន្ត​វេន ​ឯកឧត្តម ហ៊ុន ម៉ាណែត និងអនាគតស្រ្តីទី១ លោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឪកាសអញ្ជើញជាអធិបតីនោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ អមដោយអ្នកឧកញ៉ាសហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង រួមទាំងឥស្សរជន អ្នកឧកញ៉ាប្រមាណ ៨រូប អញ្ជើញកាន់កន្ត្រៃកាត់ខ្សែបូរសម្ពោធជាផ្លូវការ រួមមាន៖ អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងថ្នាក់ដឹកនាំផ្ទាល់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ​, អ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងកូនប្រុសសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីចំនួន ២រូប គឺឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី ជាដើម។

ក្រៅពីឥស្សរជន អ្នកឧកញ៉ាដែលអញ្ជើញកាន់ខ្សែបូរនោះ ក៏មានវត្តមានថ្នាក់ដឹកនាំ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អង្គទូត ធុរៈជនជាតិ និងអន្តរជាតិ ជាច្រើនរូប បានផ្ដល់កិត្តិយសអញ្ជើញចូលរួមអបអរសាទរនូវគម្រោងវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ចដែលមានតម្លៃខ្ទង់លានដុល្លារមួយនេះរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប។

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដែលចេញពីក្រុមហ៊ុនអាជីវកម្មលំដាប់ពិភពលោក ម៉ារៀត អ៉ីនធើណេសិនណល ជាយីហោដ៏ល្បីពីប្រទេសអាមេរិច មានរចនាបថតាមស្ដង់ដារអន្តរជាតិ និងស្ថាបត្យកម្មដ៏ប្រណីតពោរពេញទៅដោយភាពប្រណីត និងស៉ីវីល័យ។

គួរបញ្ជាក់ផងដែរថា អគារ ជីប ម៉ុង ថៅវើ គឺជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ របស់ក្រុមហ៊ុនក្នុងស្រុក ជីប ម៉ុង ដែលស្ថិតនៅចំកណ្ដាលទីក្រុង មានចំណតរថយន្ត ៥ជាន់ ផ្សារទំនើប ៥ជាន់ ធនាគារ រោងកុនដ៏ធំ ព្រមទាំងមានការិយាល័យប្រណិតៗ និងកន្លែងផ្សេងៗទៀតសម្រាប់កម្សាន្តផងដែរ៕