ឧកញ៉ា គីម ហ៊ាង ប្រកាសបង្កើតពានមិត្តភាពអន្តរជាតិ Vimean Samnang Cup 2023

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង ​​​​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ប្រកាស​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មិត្តភាព​អន្តរជាតិ​​មួយ ដែល​មាន​ឈ្មោះ​ថា «Vimean Samnang Cup 2023» ​​​​ហើយ​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ប្រធាន​ក្រុមហ៊ុន KW Cambodia ទូទាំង​ប្រទេស​រូប​នេះ​ បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាល់ទាត់មិត្តភាព​អន្តរជាតិ ដែល​នាំ​មក​ជូន​ដោយ​ បុរី វិមានសំណាង «Vimean Samnang Cup 2023» គឺ​មាន​ក្រុម​ចំនួន​៤ ចូល​រួម​ប្រកួត​​​ ក្នុង​នោះ​មាន​ដូចជា៖ ១.ក្រុមបាល់ទាត់ Khmer United នៅកម្ពុជា ២.ក្រុមបាល់ទាត់ Army Veteran (ទ័ពវ័យចាស់កម្ពុជា) ៣.ក្រុមបាល់ទាត់ Khmer United មកពីវៀតណាម និង​ ៤.ក្រុមបាល់ទាត់ Cambodia For Christ របស់កូរ៉េខាងត្បូងនៅកម្ពុជា។

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ «Vimean Samnang Cup 2023» ​​នឹង​ត្រូវ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ ​​នៅ​ទីលាន​បាល់ទាត់ ACLEDA Institute of Business ដោយ​ប្រើ​រូបមន្ត​ខ្វែង អ្នកឈ្នះ​​នឹង​ឡើង​ទៅ​ជួប​អ្នកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​ម្តង ដើម្បី​កាត់ក្តី​ស្វែង​រក​​ក្រុម​លើក​ពាន។

គួរ​បញ្ជាក់​ថា ​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង តែងតែ​ចូលរួម​ជួយ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ជាពិសេស​គឺ​វិស័យ​បាល់ទាត់។ លោកឧកញ៉ាបណ្ឌិត ក៏​ជា​អ្នក​បង្កើត និង​ជា​អ្នកឧបត្ថម្ភ​​ផ្តាច់មុខ ​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​​ KW Cambodia League ដែលពីមុន​​ប្រើ​ឈ្មោះ​​ថា​ Khmer Real Estate League​ តាំង​ពី​ឆ្នាំ២០១២ ផង​ដែរ។

រីឯ​ក្រុម Khmer United នៅកម្ពុជា ដែល​មាន​លោក​ឧកញ៉ា គីម ហ៊ាង ជា​ប្រធាន​ក្រុម និង​ជា​ខ្សែ​ប្រយុទ្ធ ​​គឺជា​ក្រុម​មួយ​ដែល​មាន​ទម្រង់​លេង​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ​​ខណៈ​ដែល​កាល​ចុង​ខែ​តុលា ឆ្នាំ២០២២ កន្លង​ទៅ ក្រុម​មួយ​នេះ​បាន​ឈ្នះ​ពាន​​​​រង្វាន់​បាល់ទាត់​ពាក់​កណ្តាល​អាជីព KW Cambodia League 2022 ​​​បន្ទាប់ពី​យក​ឈ្នះ​លើ​ក្រុម TN Kandal FC ​​ក្នុង​លទ្ធផល​ដ៏​ស្វិត​ស្វាញ ​​១-០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ​​​​នៅ​តារាង​បាល់ទាត់​វិទ្យាល័យ​បឹងត្របែក៕​