ថ្នាក់ដឹកនាំកំពូលសមាគមឧកញ៉ាកម្ពុជា អមដំណើររដ្ឋមន្រ្តីកសិកម្ម ស្វែងយល់ទីផ្សារបោះដុំកសិកម្ម នៅប្រទេសថៃ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ផែ ហុកឈួន និងលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមអមដំណើរ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបំពេញទស្សនកិច្ចស្វែងយល់ទីផ្សារបោះដុំកសិកម្ម នៅប្រទេសថៃ ចំនួន២ថ្ងៃ គឺនៅថ្ងៃទី២២ ដល់២៣ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សកិច្ចនេះ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍នៃផ្សារបោះដុំ នៅក្នុងប្រទេសថៃ ដែលថៃមានបទពិសោធន៍ជិត៦០ឆ្នាំមកហើយក្នុងការរៀបចំផ្សារដើម្បីជួយដល់កសិករក្នុងការប្រមូលទិន្នផលមកដាក់លក់នៅលើទីផ្សារ។ លោកឧកញ៉ាបន្តថា ដំណើរទស្សនកិច្ចមានសារៈសំខាន់ណាស់
ដោយសារតែបច្ចុប្បន្ននៅកម្ពុជាមិនទាន់មានផ្សារបោះដុំនូវផលិតផលកសិកម្មនៅឡើយ។

លោកឧកញ៉ា ថ្លែងថា៖ «ទីផ្សារសំដៅលើការរៀបចំជាប្រព័ន្ធគ្រប់គ្រងមួយឱ្យមានការត្រួតពិនិត្យនូវគុណភាព អនាម័យ ក៏ដូចជាសុវត្ថិភាព ដើម្បីធានាដល់អ្នកប្រើប្រាស់»។

ជាមួយគ្នានេះដែរ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ជាការសិក្សាស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ ក្នុងគោលបំណងដើម្បីរៀបចំទីផ្សារបោះដុំនៅកម្ពុជា នាពេលខាងមុខផងដែរ៕