ស្ពានកោះពេជ្រ-កោះនរា តម្លៃ ៣៨លានដុល្លារ នឹងបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់មុនពិធីបុណ្យអុំទូក

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា នឹងបញ្ចប់ការងារសាងសង់១០០ភាគរយ នាពេលឆាប់ខាងមុខនេះ ពោលក៏នឹងបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ មុនពិធីបុណ្យអុំទូកខាងមុខនេះដែរ។ នេះតាមការឱ្យដឹងពី លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «ស្ពានកោះពេជ្រ​ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព តាមព័ត៌មានដែលទទួលបាន​ ក្រុមការងារសាងសង់កំពុងខិតខំធ្វើការ​ងារ​ ហើយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ»។

មន្ទីសារធារណការ អះអាងបន្ថែមដែរថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ អត្ថបទ៖ ពិសី