សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារក្សាបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងប្រជុំបូកសរុបរបាយការណ៍​ប្រចាំ​អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលថ្ងៃចន្ទ ទី១៩ ខែមិថុនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជារក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ ដែលធ្វើឱ្យមានលំនឹង និងកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋល្អប្រសើរថែមទៀតផង។ ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ»។

សម្តេចតេជោបន្តថា គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងពេលដែលពិភពលោកមានការប្រែប្រួល គឺកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយឯករាជ្យផ្អែកលើច្បាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទីប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធ។

នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពអំពី​សេដ្ឋកិច្ច​​កម្ពុជា ដែល​ចេញផ្សាយ​កាលពេលថ្មីៗនេះ ធនាគារពិភពលោក បាននិយាយថា  សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មានសន្ទុះស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារ​ឡើង​វិញ​ពេញលេញ ដោយ​សារមាន​​ការ​ជំរុញ​​ពី​ផ្នែកនាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវា​កម្ម និង​កសិកម្ម។

របាយការណ៍នេះបង្ហាញថា ​ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២កន្លងទៅមាន​សភាពរឹងមាំ ដោយក្នុងនោះ​​​សម្រេច​បានកំណើនក្នុង​កម្រិត​​ ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុង​ផ្នែកសេវាកម្ម ជា​ពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម, ការ​ធ្វើ​ដំណើរ, និង​បដិសណ្ឋារកិច្ច បាន​នាំកម្ពុជា​ត្រឡប់ទៅរក​កម្រិតកំណើន​ដែលធ្លាប់​​មាន​កាល​ពីមុនពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការ​កើន​ឡើង​ខ្លាំង​ស្រ​បពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួ​តកីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម​នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​នេះ​​បាន​មកក៏​ដោយ​សារ​ថ្លៃ​ទំនិញ​ក្នុង​ស្រុកមាន​ស​ភាព​ធូរ​ស្រាល​បន្តិចវិញ ទន្ទឹម​គ្នា​នឹង​ការ​រក្សា​បាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ​ នៅ​ទូទាំងពិភពលោក​ផង​ដែរ។

របាយការណ៍ដដែលក៏បានគូសបញ្ជាក់ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​រីកវិសាលភាពរបស់ខ្លួន ដោយមាន​ច្រក​ចូល​ទៅ​កាន់​ទីផ្សារក្នុងតំបន់​​កាន់​តែ​ច្រើន​បន្ទាប់​ពីការផ្តល់​សច្ចាប័ន​លើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុង​បរិបទនេះ ធនាគារពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០២៣ ​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ។

យ៉ាង​ណា​ក៏ដោយ ការ​អូសបន្លាយ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​នៅ​បរទេស​នឹង​អាចធ្វើ​ឱ្យ​ផ្នែកផលិតកម្ម​សម្រាប់​នាំចេញ​ចុះខ្សោយ ហើយ​ការ​បន្ត​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​លើ​សកលោក ​អាចបង្កហានិភ័យមួយដ​ល់ផ្នែកហិរញ្ញវត្ថុរបស់​កម្ពុជា​ ដែល​មាន​ការ​ពឹង​អាស្រ័យ​ខ្លាំង​លើ​ទុន​មក​ពី​ក្រៅ​សម្រាប់​វិនិយោគ៕