កម្ពុជា-អូស្ត្រាលី រៀបចំកិច្ចសន្ទនាតុមូល ឲ្យវិនិយោគិន ​និង​​មន្ត្រីរដ្ឋាភិបាល ពិភាក្សា​ពី​បញ្ហា​ប្រឈម និងរកវិធី​​ដោះស្រាយ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ (ក.អ.ក.) និងស្ថានទូតអូស្រ្តាលី​ប្រចាំកម្ពុជា​ បានរៀបចំកិច្ចសន្ទនាតុមូល កម្ពុជា-អូស្ត្រាលី ស្តីពីការ​វិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ ដោយមានការ​អញ្ជើញ​ចូលរួមពីសំណាក់លោក Andreas Zurbrugg ឯកអគ្គរាជទូតរង​អូស្ត្រាលី​ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន​ចំនួន ១២ របស់រាជរដ្ឋាភិបាលកម្ពុជា វិនិយោគិន​អូស្រ្តាលីដែលកំពុងមានសកម្មភាព​វិនិយោគនៅកម្ពុជាដែលបានចូលរួម​ដោយ​ផ្ទាល់ និងតាមប្រព័ន្ធ​វីដេអូ សរុបចំនួនប្រមាណ ៦០រូប។

នៅក្នុងកិច្ចសន្ទនាតុមូល លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈ​កម្មាធិការវិនិ​យោគ​កម្ពុជា​បានលើកឡើងថា គោល​បំណងនៃកិច្ចសន្ទនាតុមូល គឺដើម្បីផ្តល់ឱកាស​ជូនវិនិយោគិន និងមន្ត្រី​តំណាង​​ក្រសួងស្ថាប័នពាក់ព័ន្ធ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជួបពិភាក្សាអំពី​កាលានុវត្តភាពវិនិយោគ និង​បញ្ហាប្រឈមនានា សំដៅរួមគ្នារកវិធីដោះស្រាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នុត អ៊ុនវ័ណរ៉ា បានបន្តថា កិច្ចពិភាក្សាក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ ក៏នឹងក្លាយជាមូលដ្ឋាន​នៃការរៀបចំ​សៀវ​ភៅ​ស្តីពី​​ឧត្តមានុវត្តន៍សម្រាប់កិច្ចសម្រួលវិនិយោគនៅកម្ពុជា ដែលគម្រោងនេះគាំទ្រ​ដោយ​រដ្ឋាភិបាលអូស្ត្រាលី​ផងដែរ។

ជាមួយគ្នានោះ លោក នុត អ៊ុនវ័ណរ៉ា ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចអនុញ្ញាតឱ្យមាន​ការជួប​ប្រាស្រ័យគ្នាដោយ​​ផ្ទាល់​​ក្នុង​កិច្ចសន្ទនាតុមូលនាពេលនេះ​។ កត្តានេះបានបង្ហាញថាកម្ពុជាជា​ប្រទេសមានសុវត្ថិភាព បានបើកទ្វារ និងរង់ចាំទទួលស្វាគមន៍ការវិនិយោគ។​

លោក នុត អ៊ុនវ័ណរ៉ា ក៏បានអរគុណ​ដល់​រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងស្ថាន​​ទូតអូស្ត្រាលីនៅកម្ពុជា ដែល​បានផ្តល់​ការ​គាំទ្រ​ដល់​កិច្ចខិតខំប្រឹង​ប្រែងរបស់ កម្ពុជាក្នុង​​ការជំរុញ​និង​ទាក់ទាញវិនិយោគ និងការ​ចូលរួមកសាងនិងលើក​កម្ពស់​ស​មត្ថភា​ព​មន្ត្រីដែល​មានភារកិច្ចពាក់ព័ន្ធ​នឹងកិច្ចការវិនិយោគ​​នាពេលកន្លងមក និងនាពេលខាង​មុខនេះ។

គួរបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាង​កម្ពុជា និងអូស្ត្រាលី ហើយកិច្ចការ​ដែលយើងអនុវត្តរួម​គ្នា​​នា​​​ពេល​នេះ មិនត្រឹមតែបានចូលរួមពង្រឹងដល់ចំណងមិត្តភាព និងទំនាក់​ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹង​ចូល​រួមព​ង្រឹង​ដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិ​យោគ​រវាងប្រទេសទាំងពីរផងដែរ៕