កម្ពុជា និងឡាវ ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួន៣ សំខាន់ៗ រវាងប្រទេសទាំងពីរ។
ក្នុងជំនួបប្រជុំទ្វេភាគី រវាងក្រសួងកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២ ឧសភា រដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានោះ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួន៣ សំខាន់ៗរួមមាន៖
១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម៖ ដោយផ្តល់អាទិភាពលើការផ្គត់ផ្គង់ធាតុផ្សំនៃផលិតកម្មជីកសិកម្ម ជាពិសេសប្រភេទជីប៉ូតាស។
២. ការជំរុញកសិពាណិជ្ជកម្មទ្វេភាគី៖ ការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសផលិតផលស្វាយ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន ឬប្រទេសទី៣ ដែលនឹងជួយបង្កើនទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។
និង ៣. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។
សូមជម្រាបជូនថា ពាក់ព័ន្ធការនាំចេញស្វាយទៅកាន់ប្រទេសចិន បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន អង្ករ, ចេក, ស្វាយ, មៀន, ដូង ។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជានាំចេញផ្លែស្វាយទៅទីផ្សារអន្តរជាតិសម្រេចបានទំហំជាង១៣៧លានដុល្លារអាម៉េរិក កើនឡើងជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


