អ្នកឧកញ៉ាបណ្ឌិត ជា រតនា ផ្ញើសារយ៉ាងរំជួលចិត្តដល់បងប្អូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេស

ជុំវិញ​ឧកញ៉ា

“បងប្អូនពិការអាវយវៈ ពិតជាមិនអាចកែប្រែបានមែន តែខ្ញុំសូមអំពាវនាវបងប្អូន សូមកុំពិការចិត្ត ព្រោះបើបងប្អូនពិការទាំងចិត្តទៀត គ្មាននរណាអាចជួយបងប្អូនបានទេ!”។ នេះប្រសាសន៍លើកឡើងរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ផ្ដាំផ្ញើ និងលើកទឹកចិត្ត ជូនចំពោះបងប្អូនជនពិការកំបុតដៃទាំង២ ចំនួន ១៤៩នាក់ ដែលមកជួបជុំគ្នាជាលើកទី១២ ទទួល​អំណោយ​ឧបត្ថម្ភ​ពីមូលនិធិ​ ក្នុងម្នាក់ ចំនួន ១លានរៀល អាវយឺត១ និងអាហារថ្ងៃត្រង់ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ស្ពានអាកាសក្បាលថ្នល់ កាលពីព្រឹក​​​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងន័យលើ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានពន្យល់បន្ថែមថា ការជួយឧបត្ថម្ភជាធនធានថវិការបស់ មូលនិធិ អ្នកឧកញ៉ា និងភរិយា និងសប្បុរសជន ជូនបងប្អូនជនពិការកំបុតដៃទាំង២ ក្នុងម្នាក់ៗ ១លានរៀល នាពេលនេះ គ្រាន់តែអាចដោះស្រាយបញ្ហាទុក្ខលំបាករបស់បងប្អូនមួយគ្រាណាមួយប៉ុណ្ណោះ ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នា អាចស្វែងរកចំណេះជំនាញណាមួយជាប់ខ្លួន នោះទើបជាការប្រសើរសម្រាប់អនាគតយ៉ាងពិតប្រាកដ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា

ក្រៅពីរៀបចំកម្មវិធីប្រគល់ថវិកា និងអំណោយឧបត្ថម្ភផ្សេងៗជូនជនពិការកំបុតដៃទាំង២ ម្នាក់១លានរៀល និងទទួលពួកគាត់ឱ្យពិសារអាហារ នាសណ្ឋាគារ សាន់ & មូន រីវើសាយ ក្នុងថ្ងៃជាមួយគ្នានោះដែរ  អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា ក៏បានរៀបចំពិធីសាសនា រាប់បាត្រ និងនិមន្តព្រះសង្ឃ ១០៨ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត អាយុវឌ្ឍនមង្គល ផងដែរ។

នាព្រឹកថ្ងៃដដែលនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ទី៥៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ តាមរយៈអ្នកឧកញ៉ា និងភរិយា រួមទាំងលោក ឧកញ៉ា សុខ វណ្ណា និងភរិយា ថែមទៀតផង។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកា និងសម្ភារដល់មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀ រតនា ដើម្បីជួយទ្រទ្រង់ដល់ជនពិការកំបុតដៃទាំង២ និងបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងកម្មវិធីជួបជុំជនពិការកំបុតដៃទាំង២ទូទាំងប្រទេសលើកទី១២ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ៕