តើឥស្សរជនជាន់ខ្ពស់ប៉ុន្មានរូប កាន់ដំណែងជាប្រធាន និងអនុប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា?

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំំងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកមានគោរមងារជា «ឧកញ៉ា » នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងអ្នកជំនួញ ពាណិជ្ជករធំៗ និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមឧកញ៉ាកម្ពុជា មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

អត្ថបទនេះ សារព័ត៌មានឧកញ៉ាញូស៍ សូមបង្ហាញសមាសភាពប្រធានកិត្តិយស និងអនុប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា រួមមាន៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស

អនុប្រធានកិត្តិយស មានចំនួន ៤រូប៖

១/ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

២/ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

៣/ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច

៤/ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងនាមប្រធានសមាគម បានបញ្ជាក់ថា បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា មានសមាជិកចុះឈ្មោះពេញសិទ្ធចំនួន ២៣៤រូប ក្នុងនោះ ៣២រូប ជាសមាជិកស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល។

អ្នកឧកញ៉ាបន្តថា រចនាសម្ព័ន្ធសមាគមឧកញ៉ា ត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលដែលមានអាណត្តិ៥ឆ្នាំ និងគណៈកម្មការជំនាញចំនួន៤ ហើយការងារប្រតិបត្តិប្រចាំថ្ងៃត្រូវបានអនុវត្តដោយ អគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំប្រតិបត្តិរបស់អគ្គលេខាធិការ ១រូប។

បន្ថែមពីលើនេះ ដើម្បីធានានូវប្រសិទ្ធភាពនៃដំណើការ និងភាពជោគជ័យ សមាគមឧកញ៉ាកម្ពុជា មានឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ជាមគ្គទេសក៍បង្ហាញផ្លូវ និងផ្តល់នូវបទពិសោធន៍ល្អៗសម្រាប់ការដឹកនាំផងដែរ៕