ឧកញ៉ា យឹម តាស្រង់ ប្រកាសរើសតារាចម្រៀងក្រោមប្រធានបទ «អាជីពចម្រៀង ផ្សារភ្ជាប់នឹងមុខជំនួញ»

ជុំវិញ​ឧកញ៉ា

​លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និង​ជា​អ្នកនិពន្ធ​​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា ​​បាន​ចេញ​មក​ប្រកាស​ជ្រើស​រើស​តារា​ចម្រៀង​ទាំង​ពីរ​ភេទ ​ដែល​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម តស៊ូ ចង់​ល្បីល្បាញ និង​ចង់​មាន​ចង់​បាន​ពិត​ប្រាកដ ​​ដើម្បី​​​មក​ទទួល​បាន​បណ្តុះបណ្តាល​ជ្រោមជ្រែង​ទាំង​ស្រុង​ពី​​លោក ដែល​ការ​ជ្រើសរើស​នេះ​ស្ថិត​ក្រោម​ប្រធានបទ «អាជីព​ចម្រៀង ផ្សារ​ភ្ជាប់​នឹង​មុខ​ជំនួញ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា យឹម តាស្រង់ ​​បាន​លើក​ឡើង​តាម​រយៈ​វីដេអូ​ឃ្លីប​មួយ នា​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា ​អស់រយៈពេល​ជា​ច្រើន​ឆ្នាំហើយ ដែលលោក​មិនបានបណ្តុះបណ្តាលតារាចម្រៀង។ នាឱកាស​នេះ ​​លោក​​សូម​ប្រកាស​ជ្រើសរើស​តារា​ចម្រៀង​ទាំង​ពីរ​ភេទ ដែល​ពី​មុន​ធ្លាប់​ប្រឡង​កម្មវិធី​ចម្រៀង​ជាប់ ឬ​ធ្លាក់​ក្តី ឬ​បងប្អូន​ដែល​កំពុង​តែ​បំពេញ​ការងារ​តាម Pub ឬ​ក្លឹប​កម្សាន្ត​នានា​ក្តី ក៏​អាច​ដាក់​ពាក្យ​បាន ប៉ុន្តែ​មុន​នឹង​បងប្អូន​ដាក់ពាក្យ​ បងប្អូន​ត្រូវ​ច្បាស់​ថា​ពិត​ជា​​អាច​ធ្វើ​បាន​នូវ​ចំណុច​មួយ​ចំនួន ដែល​​លោក​ចង់​បាន​ពី​បង​ប្អូន​គឺ បងប្អូន​ត្រូវ​ច្បាស់​ថា​​​ខ្លួន​ឯង​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម តស៊ូ ចង់​ល្បីល្បាញ ​ចង់​មាន​ចង់​បាន​ពិត​ប្រាកដ មិន​លំៗ។ លោក​ឧកញ៉ា បាន​បន្ថែម​​ថា ការ​ជ្រើសរើស​តារា​ចម្រៀង​នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្រោម​ប្រធានបទ «អាជីព​ចម្រៀង ផ្សារ​ភ្ជាប់​នឹង​មុខ​ជំនួញ»។

“ប្អូនៗ​ដែល​ក្លាយ​ជា​តារា​ចម្រៀង ក្នុង​ការ​ជ្រើសរើស​របស់​ខ្ញុំ​នេះ គឺ​​នឹង​ធ្វើ​ជា​តារា​ចម្រៀង​ផង និង​ជា​អ្នក​ប្រកប​អាជីវកម្ម​ជំនួញ​​​ជាមួយ​ក្រុមហ៊ុន EEw9 ផង។ ខ្ញុំ​បាទ​ជា​អ្នក​រៀបចំ​ដោយ​ផ្ទាល់ និពន្ធ​ជូន​ដោយ​ផ្ទាល់ និង​ការ​ធ្វើ​ទីផ្សារ​នានា​ដោយ​ខ្ញុំ​បាទ​ផ្ទាល់ រួម​ជាមួយ​នឹង​ប្អូនៗ​ក្រុមការងារ​ផ្សេង​ទៀត ហើយ​សម្រាប់​បទ​ចម្រៀង ដែល​ប្អូនៗ​ត្រូវ​ច្រៀង គឺ​ក្នុង​មួយ​ឆ្នាំ​ចន្លោះ​ពី​ ២០​បទ ទៅ ១០០​បទ ក្នុង​ម្នាក់ ពិសេស​​ចំណាយ​គ្រប់​យ៉ាង​គឺជា​កាតព្វកិច្ច​របស់​ខ្ញុំ​ទាំង​ស្រុង​ទៅ​លើ​ប្អូនៗ។ ដូចនេះ ​សូម​ប្អូនៗ​រួសរាន់​ដាក់​ពាក្យ​តាម​រយៈ​ Telegram លេខ៖ 060 82 8888។ ខ្ញុំ​បាទ​ជា​អ្នក​សម្ភាសន៍​ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃ​​ទី​២២​នេះ​តទៅ រហូត​ដល់​ថ្ងៃទី​២៧ ហើយ​នៅ​ថ្ងៃទី២៨ ខ្ញុំ​បាទ​នឹង​មាន​កម្មវិធី​ជួបជុំ សម្រាប់​អ្នក​ដែល​មាន​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ខ្ពស់​ជាប់​​​ក្នុង​កម្មវិធី​នេះ​មួយ​ពេល”។ ឧកញ៉ា យឹម តាស្រង់ បាន​បញ្ជាក់​បន្ថែម។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា ក៏​បាន​ភ្ជាប់​ពាក្យ​ស្លោក​មួយ​ដ៏​មាន​អត្ថន័យ​ផង​ដែរ​ថា៖ “ជីវិតរស់ កុំពឹងមុខរបរមួយ នាំព្រួយវក់វី មានមុខរបរពីរ ដើរទប់នឹងន”។

សូម​ជម្រាប​ថា អតីត​អ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ទទួលបាន​ដំណែង​ថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពី​ចុង​ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពី​សម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយ​រួមរស់​ក្នុង​ទ្រនំ​មួយនេះ ជាង៣ឆ្នាំ។ បន្ទាប់មកទៀត លោកបាន​បន្ថែម​មុខ​ជំនួញ​លក់ដីគម្រោងដំបូង​របស់លោក ចំនួនបីទៅបួន​កន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបាន​​ព្រះមហាក្សត្រ​ ទ្រង់ត្រាស់បង្គាប់​ផ្តល់​គោរមងារជា “ឧកញ៉ា” នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕