អ្នកឧកញ៉ា អុឹង លីហេង ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូថ្មី តម្លៃជិត ៣លានដុល្លារ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកបាទី 

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង លីហេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន H &L Group កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូថ្មី ដែលមានតម្លៃសរុបប្រមាណ ២,៨០០,០០០$ ដើម្បីជាការរួមចំណែកពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលដល់ការប្រើប្រាស់ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិថ្នល់ទក្សិណ និងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបានចូលរួមក្នុងក្នុងពិធីសម្ភោធផ្លូវខេត្តលេខ ១២០B បានបង្ហាញក្តីរីករាយ និងអបអរសាទរ ព្រោះសមិទ្ធិផល ផ្លូវបេតុង និងផ្លូវកៅស៊ូថ្មីនេះ នឹងធ្វើឱ្យការធ្វើដំណើរ ប្រកបកិច្ចការងារប្រចាំថ្ងៃ របស់ពួកគាត់ កាន់តែងាយស្រួល និងមានសុវត្តិភាពជាមុន។ ជាពិសេសទៀតនោះ ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ក៏បានដាក់ក្ដីរំពឹងថា ផ្លូវថ្មីនេះ នឹងផ្តល់ប្រយោជន៍ជាច្រើនផ្សេងទៀត ដល់សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម។

នៅក្នុងពិធីកាត់ខ្សែបូរដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវទាំង ២ខ្សែនោះដែរ ក៏មានវត្តមានរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាទី  ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតចូលរួមផងដែរ។ ថ្លែងក្នុងកម្មវិធី ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា បច្ចុប្បន្នផ្លូវគមនាគមន៍ក្នុងស្រុកបាទី បានជួយឲ្យវិស័យសេដ្ឋកិច្ចក្នុងស្រុកមានភាពរីកចម្រើន មានរោងចក្រ សហគ្រាស សាងសង់ជាបន្តបន្ទាប់ ដែលជួយបង្កើតការងារឱ្យប្រជាពលរដ្ឋ បានរាប់ម៉ឺននាក់។ 

ស្រុកបាទី មានឃុំចំនួន១៥ និងភូមិមានចំនួន១៦៨ មានប្រជាពលរដ្ឋសរុបចំនួន ១៦ម៉ឺននាក់ ។ ស្រុកបាទីមានផ្លូវជាតិឆ្លងកាត់ចំនួន ២ខ្សែ រួមមានផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ។ ដោយឡែកផ្លូវខេត្ត មានផ្លូវខេត្តចំនួន ៦ ខ្សែ រួមមានផ្លូវលេខ១២២A  ផ្លូវលេខ១២២ ផ្លូវលេខ១២០C ផ្លូវលេខ១២៣ ផ្លូវខេត្តលេខ១២១ និងផ្លូវខេត្តលេខ១២០B ។

ដោយឡែក ផ្លូវខេត្តលេខ ១២០B ដែលដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺគិតចាប់ពីព្រំប្រទល់ឃុំក្រាំងធ្នង់ រហូតដល់ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានសាងសង់ដោយផ្លូវបេតុង និងផ្លូវកៅស៊ូ តភ្ជាប់ពីផ្លូវជាតិចាប់លេខ ២ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណឃុំក្រាំងធ្នង់ ឆ្ពោះទៅកាន់ព្រៃភ្នំតាម៉ៅ ដោយដាក់លូអម សងខាងផ្លូវ ស្ពាន លូឆ្លងកាត់ផ្លូវ ច្រើនកន្លែង។ ផ្លូវនេះផ្តើមពង្រីកនិងសាងសង់ចុងខែមីនា ឆ្នាំ២០២២ បញ្ចប់ចុងខែមេសា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន H&L Group របស់អ្នកឧកញ៉ា អុឹង លីហេង និងលោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង បានចំណាយអស់ថវិកា ចំនួន ២,២៥០,០០០$ និងអ្នកឧកញ៉ា ឡេង ភត្រា ចូលរួមចំណែកថវិកា ចំនួន ៥៥០,០០០$ ៕