សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យឧកញ៉ា តែ តាំងប៉ រៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ាឱ្យបានត្រឹមត្រូវ

ជុំវិញ​ឧកញ៉ា

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលទទួលភារកិច្ចរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាឱ្យបានត្រឹមត្រូវ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធ្វើឡើងក្នុងពេលដែលអនុញ្ញាតឱ្យប្រតិភូសមាគម​ ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រតិភូមក្រុមប្រឹក្សាភិបាលសមាគម នារសៀលថ្ងៃពុធ ទី២៨ ខែមិថុនា។

នៅក្នុងជំនួបនោះ សម្តេចក្រឡាហោម បានណែនាំថា ដោយសារសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនេះ ទទួលរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា សម្តេចក្រឡាហោម ក៏បានណែនាំដល់សមាគម ឱ្យធ្វើការរៀបកាត់ និងបំពាក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ដើម្បីឱ្យមានការស្លៀកពាក់ឯកសណ្ឋានមានការឯកភាពគ្នាស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០២១ បានសម្រេចចេញអនុក្រឹត្យឲ្យប្រើប្រាស់ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា ឧកញ៉ានៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ ប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

អនុក្រឹត្យចំនួន ៨ទំព័រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ​ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន តាមមាត្រា ១២ ​ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអនុក្រឹត្យដដែល រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពិនិត្យ រៀបចំ និងផ្តល់តាមគោលការណ៍ធ្វើការកំណត់ឯកសណ្ឋានគោរមងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា ឧកញ៉ា នៅប្រទេសកម្ពុជា៕