នៅរដ្ឋធានីហ្សាការតា កម្ពុជា រង់ចាំលទ្ធផលគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគីពីឥណ្ឌាមកកម្ពុជា

ជុំវិញ​ឧកញ៉ា

ប្រមុខការទូតកម្ពុជា បានទន្ទឹងរងចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា, អាស៊ានបានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។

ក្នុងកិច្ចប្រជុំនៅរដ្ឋធានីហ្សាការតា រដ្ឋមន្ត្រីការបរទេស បានអនុម័តឧបសម្ព័ន្ធ បន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន។

សូមជម្រាបជូនថា អំឡុងបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២២ ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបញ្ជាក់ប្រាប់កម្ពុជាពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា។

គួររំលឹកថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី ក៏បានប្រកាសថា ឥណ្ឌានឹងផ្ដល់ឥណទានចំនួន១ពាន់លានដុល្លារអាមេរិកមកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា ថៃ) ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។

នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទត្រា ម៉ូឌី បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវមកកាន់កម្ពុជានេះ ជាការសមស្របជាមួយនឹងផែនការមេរបស់អាស៊ាន ទៅលើផែនការនៃការតភ្ជាប់។  នេះបើតាមជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ តាមរយៈប្រព័ន្ធទូរស័ព្ទ។

ជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសស្វាគមន៍ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម៕