ជនជាតិកូរ៉េខាងត្បូងមានចំណែកប្រមាណ ៤៨% នៃខុនដូសរុបចំនួន ៦ ១៨៨ យូនីត ដែលជនបរទេសបានទិញនៅប្រទេសវៀតណាម គិតត្រឹមខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

យោងតាមទិន្នន័យដែលក្រុមហ៊ុន Knight Frank ប្រមូលពីក្រសួងសំណង់វៀតណាម និងការស្ទង់មតិនៅតាមគម្រោងអចលនទ្រព្យនានា បានបង្ហាញថា អ្នកទិញជនជាតិកូរ៉េខាងត្បូងឈរនៅលំដាប់ទី១ ដោយមានចំណែក ៤៨%។ ចំណែកអ្នកទិញមកពីចិនដីគោកឈរនៅលំដាប់ទី២ មានចំណែក ៣១%។
ទន្ទឹមនឹងនេះ អ្នកទិញមកពីហុងកុង និងតៃវ៉ាន់រួមគ្នាមានចំណែក ១០% ខណៈជនជាតិសិង្ហបុរីមាន ២% ហើយ ៩% ទៀតជាអ្នកទិញមកពីប្រទេសផ្សេងៗ។
គួរឲ្យដឹងថា តម្រូវការទិញអចលនទ្រព្យមួយផ្នែកត្រូវបានជំរុញដោយការកើនឡើងនៃវត្តមានក្រុមហ៊ុនបរទេសនៅក្នុងប្រទេសវៀតណាម ដែលបង្កើតតម្រូវការលំនៅឋានសម្រាប់បុគ្គលិក និងអ្នកជំនាញបរទេស។ កូរ៉េខាងត្បូង ចិន និងសិង្ហបុរី សុទ្ធតែជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏សំខាន់របស់វៀតណាម។
នៅទីក្រុងហូជីមិញ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ គម្រោងអចលនទ្រព្យសរុបចំនួន ១៥៨ ដែលមានខុនដូសរុប ១៥ ៨៤១ យូនីត ត្រូវបានអនុញ្ញាតឱ្យលក់ទៅឱ្យជនបរទេស។ ក្នុងចំណោមនោះ មានខុនដូចំនួន ៣ ២៩៧ យូនីតត្រូវបានលក់រួចហើយ ប៉ុន្តែមានតែ ៣១៦ យូនីតប៉ុណ្ណោះដែលទទួលបានបណ្ណកម្មសិទ្ធិ៕

