យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពូជា នៅក្នុងកិច្ចប្រជុំកពូលអាស៊ាន ដែលរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Mohamad Hasan រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងកូឡាឡាំពួរ ថា លោក ត្រាំ កំពុងទន្ទឹងរង់ចាំធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
លោក Mohamad បាននិយាយទៀតថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនឹងសម្របសម្រួលបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ដែលនឹងតម្រូវឱ្យភាគីទាំងពីរដកមីន និងកាំភ្លើងធំទាំងអស់ចេញពីព្រំដែនរបស់ពួកគេ។
រដ្ឋមន្ត្រីរូបនេះ មានប្រសាសន៍ទៀតថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីកូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។
ជម្រាបជូនថា ភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជា នៅតាមបណ្តោយព្រំដែនបានផ្ទុះឡើង ដែលបង្កឲ្យមានការប្រឈមមុខគ្នាដោយប្រដាប់អាវុធអស់រយៈពេល ៥ថ្ងៃ កាលពីក្នុងខែកក្កដា។ ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៨ នាក់ត្រូវបានសម្លាប់ និងរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅជាបណ្ដោះអាសន្ន នៅភាគីទាំងពីរ៕

