ចាយពេល ៦ ខែ Jack Ma រំកិលខ្លួនពីបាតតារាង មកកាន់តំណែង Top 4 នៃបញ្ជីមហាសេដ្ឋីចិន

អន្តរជាតិ

កាលពីដើមខែមេសាកន្លងទៅ គេហទំព័រ Forbes បាន​បញ្ចេញ​តារាងឈ្មោះ​មហាសេដ្ឋី​ប្រចាំតំបន់​លើកទី ៣៦ របស់ខ្លួន ហើយ​សម្រាប់​បញ្ជីឈ្មោះ​ស្ដេចត្រាញ់​នៅចិន​វិញ គេសង្កេតឃើញថា ស្ថាបនិក Alibaba លោក Jack Ma ស្ថិតនៅលេខរៀងទី ៩ ជាមួយ​ទ្រព្យសម្បត្តិ ២២,៨ ពាន់លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ដោយសារ​វិបត្តិសេដ្ឋកិច្ច​កំពុង​កើតមាន ចំពេល​វិស័យ​អចលនទ្រព្យក្នុងស្រុក​ក៏​ធ្វើទុក្ខបុកម្នេញ​ទៀត ​បណ្ដាល​ឲ្យ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​នៅ​ចិន​គិតត្រឹមខែវិច្ឆិកា មាន​ការ​ប្រែប្រួល​។

យោងតាម​របាយការណ៍​ចេញផ្សាយ​ដោយ Forbes គិត​ត្រឹមថ្ងៃទី ០១ ​វិច្ឆិកា​ ២០២២ បាន​បង្ហាញ​ថា ​បច្ចុប្បន្ន Jack Ma កំពុង​អង្គុយ​កៅអីលេខ ៤ ​ក្នុង​បញ្ជី​មហាសេដ្ឋីមានបំផុត​នៅចិន ជាមួយ​ទំហំ​ទឹកប្រាក់​តិចជាង​មុន​តែ ២០,៥ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ។

ខាងក្រោមនេះ​គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីចិនមានបំផុត ១០ រូប គិតត្រឹមថ្ងៃទី ០១ ​វិច្ឆិកា ២០២២៖

១/ លោក Zhong Shanshan មានទ្រព្យសរុប ៦៣,១ ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/ លោក Zhang Yiming មានទ្រព្យសរុប ៤៩,៥ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/ លោក Ma Huateng មានទ្រព្យសរុប ២៥,៨ ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៤/ លោក Jack Ma មានទ្រព្យសរុប ២០,៥ ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៥/ លោក Wang Wei មានទ្រព្យ ១៩,៥ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

៦/ លោក Colin Zheng Huang មានទ្រព្យសរុប ១៩,៣ ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៧/ លោក Wang Chuanfu មានទ្រព្យសរុប ១៩,៣ បានមកពីការផលិតអាគុយ និងរថយន្ត

៨/ លោក He Xiangjian មានទ្រព្យសរុប ១៩,១ ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៩/ លោក William Lei Ding មានទ្រព្យសរុប ១៨,៨ ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

១០/ លោក Qin Yinglin មានទ្រព្យសរុប ១៨,៧ ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្មបង្កាត់ពូជជ្រូក

គួរបញ្ជក់ថា ចំនួនកំពូលអ្នកមានរបស់ប្រទេសចិនខាងលើនេះ មិនបានរាប់បញ្ចូលមហាសេដ្ឋីគ្រាក់ៗនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ៕