ឧកញ៉ា ឈាង សុវណ្ណរតនៈ អបអរសាទរឪពុករបស់ខ្លួន ដែលក្លាយជា «រដ្ឋមន្ត្រីក្រសួងសុខាភិបាល»

ជុំវិញ​ឧកញ៉ា

លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ​​ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ ​​បាន​​ទទួល​ការ​តែងតាំង​ជា​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ក្រោមការ​ដឹកនាំ​របស់ ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា ​​​​បាន​ឡើង​ទៅ​កាន់​តួនាទី​ជា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំនួស​តំណែង​លោក​សាស្រ្តាចារ្យបណ្ឌិត​ ម៉ម ប៊ុនហេង បន្ទាប់ពី​លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា មានសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​រៀបចំ​សណ្តាប់ធ្នាប់​ ផ្តល់សេវាព្យាបាលជូន​ប្រជាជន​​កន្លង​មក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ លោក ឈាង រ៉ា បាន​ទទួល​ងារ​ជា​សាស្ត្រាចារ្យ​មហាបរិញ្ញា ដែល​ជា​ឋានៈខ្ពស់បំផុត​ក្នុង​ឋានៈ​គ្រូបង្រៀន និងស្រាវជ្រាវ ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។ ចំពោះ​តួនាទី​ក្នុង​បក្ស​វិញ លោក​ជា​អនុប្រធានទី៣ គណៈពង្រឹង​​មូលដ្ឋានស្រុកកោះធំ ខេត្ត​កណ្តាល។

ក្រោយ​ពី​ឪពុក​​របស់​ខ្លួន​ទទួល​បាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​មួយរូប​ ក្នុង​ជួរ​​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​នេះ​ ​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ ​​បានបង្ហោះ​​រូបភាព​និងសារ​ជូនពរ នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា៖ “​សូម​អបអរ​សារទរ លោកប៉ា ក្នុងឱកាសដែលបានទទួលតួនាទីថ្មី ជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល”។

សូម​ជម្រាប​ថា ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែល​ជា​កូនប្រុស​របស់​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា គឺជា​ស្ថាបនិក​និង​ជា​អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ អ៊ិនវេសម៉ិន ឯ.ក (RTNK Investment Co., Ltd) ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០២២។ បច្ចុប្បន្ន​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ មាន​អាជីវកម្ម​សំខាន់ៗ​​ដូចជា ស្ថានីយ​ប្រេងឥន្ទនៈ PTT Station, ហាងកាហ្វេ Amazon, ម៉ាតលក់ទំនិញ 7 Eleven, ហាង​កាហ្វេ Brew Coffee, ភោជនីយដ្ឋាន Brew Park, ហាង Brew Meaball និង​ក្លិប​កីឡា Platinum Sports Club ផងដែរ៕