ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់ជាស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ

ជុំវិញ​ឧកញ៉ា


ធនាគារ វីង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់ជា ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រី ឆ្នើម ក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏ធំនេះ រៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ ក្រោម ឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

លោក ជា វ៉ាន់ដេត

ថ្លែងនៅក្នុងកម្មវិធីនេះ លោក ជា វ៉ាន់ដេត បានដឹងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។

ពានរង្វាន់ឌីជីថលកម្ពុជា២០២៣ មានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៥០ ក្រុមហ៊ុន ស្ថាប័នដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយ បញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។

ក្នុងចំណោមម្ចាស់ពានរង្វាន់ទាំង៥ ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់ស្ថាប័ននុវានុវត្តន៍ ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the Year) លើផលិតផល «Wing Digital Loan»។

ក្រោយទទួលបានពានរង្វាន់នេះ ធនាគារវីងមានការបេ្ដជ្ញាចិត្តថា នឹងផ្តល់ជូននូវដំណោះស្រាយឌីជីថល ដើម្បី បំពេញតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាគ្រប់រូប។ បន្ថែមលើនេះ ធនាគារ វីងនឹងប្រើប្រាស់បច្ចេកវិទ្យា ដើម្បី នាំមកនូវផលជាវិជ្ជមានចំពោះសង្គម ដោយការទទួលបានពានរង្វាន់នាពេលនេះ បានបញ្ជាក់ពីភាព ជឿជាក់ របស់ធនាគារ វីង ថាសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត គឺអាចជួយលើកកម្ពស់់បរិយាបន្នហិរញ្ញវត្ថុ និង ធ្វើឲ្យសហគមន៍កាន់តែរីកចម្រើន៕

អត្ថបទ៖ សុកធា