ក្រសួងសេដ្ឋកិច្ច និងធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា

ជុំវិញ​ឧកញ៉ា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្រប តាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តដែលមានជាធរមាន នៃព្រះរាជាណា ចក្រកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមពីលោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធនាគារ វីង និងតំណាងវិស័យឯកជនមកពីគ្រឹះស្ថាន ហិរញ្ញវត្ថុ សមាគម និងស្ថាប័នពាក់ព័ន្ធនានា។

លោក គង់ ម៉ារី

លើកឡើងនៅក្នុងពិធីនេះ លោក គង់ ម៉ារី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការ ចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា និងលើកទឹកចិត្ត ឱ្យមាន ការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-Creation) សំដៅជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិតផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការសាទរ និងឆន្ទៈខ្ពស់ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ អ្នក ឧកញ៉ាបានមាន ប្រសាសន៍ ថា៖ «កិច្ចសហការរវាងធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការ ដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការរស់នៅឱ្យកាន់ តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការជំរុញសេដ្ឋកិច្ច ឌីជីថល គឺមិនត្រឹមតែជាការ វិនិយោគ លើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ជាការឈានទៅរកចក្ខុវិស័យរួមគ្នាដើម្បី ផ្តល់នូវលទ្ធភាពទទួលបាន ដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុ របស់ ប្រជាជនកម្ពុជាកាន់តែងាយ ស្រួល»។

កិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង នាពេលនេះ គឺជាការបើកទំព័រថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរតាមរយៈ ការចែករំលែក ចំណេះដឹង បទពិសោធន៍ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការគាំទ្រលើសកម្មភាព និងកម្មវិធីផ្សេងៗទៀតទាំងផ្នែកហិរញ្ញវត្ថុ និងមិន មែនហិរញ្ញវត្ថុ។

សូមជម្រាបជូនថា នាពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង ក៏ជាដៃគូ សហការយ៉ាងស្អិតរមួត ក្នុងសកម្មភាពជាច្រើន ជាពិសេសក្នុងវិស័យធុរកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោងនានា ដូចជាការទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យា ក្នុងលទ្ធកម្ម សាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការ ប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ និងដំណោះស្រាយបើកប្រាក់បៀវត្សជាដើម ដើម្បីចូលរួម ចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕

អត្ថបទ៖​ សុកធា