សប្បុរសជន ឧកញ៉ាៗ ចូលរួមឧបត្ថម្ភជាង៧០លានរៀល ដល់ក្រុមបាល់ទាត់ Cambodia Football Super Star របស់ ខេម ត្រៀមប៉ះជាមួយក្រុមថ្នាក់ដឹកនាំខេត្ដកំពង់ស្ពឺ ដើម្បីសកម្មភាពសប្បុរសធម៌រួមគ្នា

ជុំវិញ​ឧកញ៉ា

តារាចម្រៀង ខេម បានក្លាយ​​ជា​ប្រធាននៃ​ក្រុម​បាល់ទាត់ Cambodia Football Super Star ដែល​មាន​សមាជិក​ក្រុម​សុទ្ធតែជាតារា​ក្នុង​ការប្រកួតមិត្ដភាពសម្បុរសធម៌ ក្រោមមូលបទ “មាតាអស្ចារ្យដើម្បីស្នាមញញឹមកុមារ” ជាមួយក្រុម​បាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្ដម វ៉ី សំណាង នាចុងសប្ដាហ៍ក្រោយនេះ ដោយក្នុងនៅការ​ប្រកួត​នេះ មានសប្បុរសជនចូលរួមជួយបានជាង ៧០លានរៀលហើយ ដើម្បីធ្វើកិច្ចការសប្បុរសធម៌រួមគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសន្និសីទសារព័ត៌មានមួយនៅភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមីនា ខេម បានឲ្យដឹងថា តាមការគ្រោងទុក ក្រុមទាំងពីរ នឹងប៉ះជើងគ្នានៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ មិនថាក្រុម ណា​ចាញ់ ឬឈ្នះនោះទេ គឺទឹកប្រាក់ ដែលមានការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។

ដំណឹងបឋមជុំវិញ ការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ ក្នុងនោះមាន​ការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លាន​រៀល។

កំពូលតារាចម្រៀង លោក ខេម បានរំលឹកថា ក្រុមបាល់ទាត់ដែលផ្ដួចផ្ដើមដោយរូបលោក បានដំណើរការបានជាង​៤ខែមក​ហើយនោះ គឺដំបូងឡើយគ្រាន់តែចង់បង្កើនចំណងមិត្ដភាពរវាងអ្នកសិល្បៈ និងអ្នកសិល្បៈ បង្កើតភាពសប្បាយរីករាយ និង លេងដើម្បីសុខភាព​ប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ក្រុមលោកបានធ្វើរឿងដ៏​អស្ចារ្យមួយទៀត គឺលេងដើម្បី​សប្បុរសធម៌។ ក្រុម​ខេម​បូឌាហ្វូតបលសូពើស្តារ សុទ្ធតែជាអ្នកសិល្បៈ មានផ្នែកចម្រៀង ម៉ូឌែល អ្នកសម្តែង ពិធីករ និងអ្នកភ្លេង ។ល។

គោលបំណងសំខាន់ដែលយើងបង្កើតក្រុមនេះឡើង គឺដើម្បីជំរុញលើកស្ទួយនិងបំផុសចលនាចូលរួម​គាំទ្រវិស័យកីឡា​បាល់ទាត់​ជម្រើសជាតិខ្មែរ ឱ្យកាន់តែប្រសើរឡើង និងមានឆន្ទះខ្ពស់ប្រកួតប្រជែងកាន់តែខ្លាំង, ចូលរួមបំផុសគាំទ្រលីគ កំពូលក្នុងនិងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ,ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌ និងរឹតចំណងមិត្តភាព ការរាប់អាន​រវាងសិល្បៈ និងសិល្បៈដូចគ្នា។

ខេម បានបន្តឲ្យដឹងទៀតថា កន្លងមកក្រុមយើងធ្លាប់ប្រកួតក្នុងកម្មវិធីធំចំនួន ២ លើកមកហើយ យើងប្រមូលបានប្រាក់​ជាង​មួយ​ម៉ឺនដុល្លារ ដើម្បីជួយកុមារកំព្រានៅខេត្តស្វាយរៀង។

ជាមួយនឹង ការប្រកួតនាពេលខាងមុខនេះ តំណាងក្រុមទាំងពីរ បានជួបទល់មុខគ្នាមុនការប្រកួតចូលមកដល់ ដោយភាគី​រដ្ឋបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយអភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ គឺ ឯកឧត្តម វ៉ី សំណាង និងតំណាងក្រុម​បាល់ទាត់ Cambodia Football Super Star ដឹកនាំដោយ ខេម ជាប្រធានក្រុម។

ក្រោមក្រសែភ្នែកកីឡាករដែលភាគច្រើនជាតារាៗ និងអាជ្ញាធរខេត្ដកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការប្រកួត​លើក​នេះ គឺធ្វើឡើងដើម្បីសាកជើងគ្នារវាងក្រុមទាំងពីរ ដើម្បីអបអរសាទរថ្ងៃសិទ្ធិនារី ៨មីនា និងដើម្បីសកម្មភាពមនុស្សធម៌ ដោយទឹកប្រាក់ទាំងអស់ ដែលសប្បុរសជនបានចូលរួមនោះ នឹងក្លាយជាផ្នែកមួយជួយដល់កុមារកម្ពុជា ទូទាំងប្រទេស តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត របស់ខេត្តកំពង់ស្ពឺ។

ខាងក្រោមនេះ គឺជាឈ្មោះ សប្បុរសជនដែលបានចូលរួមគាំទ្រជាបឋម នៃការប្រកួតមិត្តភាពនេះ ក្នុងរង្វង់ទឹកប្រាក់ជាង ៧០លានរៀល៖

-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥០លានរៀល
-ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ១០ លានរៀល

១/ក្រុម Cambodia Football Superstar ៥ លានរៀល
២/អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ១​លានរៀល
៣/ឧកញ៉ា យឹម តាស្រង់ ៥០ម៉ឺនរៀល
៤/អ្នកឧកញ៉ា ឡេង ប្រុស ១លានរៀល
៥/លោកឧកញ៉ា សំ បូទម្ភ និងលោកជំទាវ ១លានរៀល
៦/លោកឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ ១លានរៀល
៧/ឯកឧត្តម ខេមរៈ ភារុន ២០ម៉ឺនរៀល
៨/លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ៥០ម៉ឺនរៀល
៩/លោកឧកញ៉ា ចេង ខេង និងលោកជំទាវ ៥០ម៉ឺនរៀល
១០/លោកឧកញ៉ា ហេង ឡុង និងលោកជំទាវ ៥០ម៉ឺនរៀល
១១/ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី ៥០ម៉ឺនរៀល
១២/លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ ៥០ម៉ឺនរៀល
១៣/ឧកញ៉ា សុខ មុយលី ៥០​ម៉ឺនរៀល
១៤/លោកឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ១លានរៀល
១៥/លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ ១លានរៀល
១៦/លោកឧកញ៉ា ហ៊ួត ជា ៥០ម៉ឺនរៀល
១៧/តារាម្រៀង ខាន់ ជេមស៍ និងភរិយា ៤០ម៉ឺនរៀល
១៨/តារាចម្រៀង តន់ ចន្ទសីម៉ា ៤០ម៉ឺនរៀល៕