លោកស្រី ឡេង ចាន់ណា ត្រូវបានដកហូតបញ្ចប់គោរមងារ«ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់គោរមងា «ឧកញ៉ា» ពីលោកស្រីឧកញ៉ា ឡេង ចាន់ណា តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៣២៤/២៥៨ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចដកគោរមងារឧកញ៉ាពីលោកស្រី ឡេង ចាន់ណា ទំនងធ្វើឡើងបន្ទាប់ពីលោកស្រីត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមនា៖ ១. បទឆបោកមានស្ថានទម្ងន់ទោស ២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ៣. បទសម្អាតប្រាក់។

លោកស្រី ឡេង ចាន់ណា និងបក្សពួក២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអង្គារក្នុងសំណុំរឿងឆបោក រំលោភលើសេចក្តីទុកចិត្ត និងចេញមូលបត្រគ្មានសាច់ប្រាក់ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារចេញមកតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាបជាច្រើនលើកច្រើនសារ។

សូមជម្រាបជូនថា មានវ័យ ៣៥ឆ្នាំ លោកស្រី ចាន់ណាដែលកើតនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ ផ្តល់គោរមងារ ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។ លោកស្រីជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី (Brilliant City) ស្ថិតនៅខេត្តសៀមរាប៕