កូនប្រុសទី២ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ សម្ពោធផ្លូវការកសិដ្ឋានវៃឆ្លាតដំណាំពោត លើផ្ទៃដីប្រមាណ ១ ពាន់ហិកតា

ជុំវិញ​ឧកញ៉ា

កូនប្រុសទី២ របស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ គឺលោក អ៉ឹង ស៊ីវខូវ អគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) បានដាក់សម្ពោធកសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា លើទឹកដីខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កសិដ្ឋានដំណាំពោតរបស់ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ លោក អ៉ឹង ស៊ីវខូវ បានលើកឡើងថា ក្រៅពីការអភិវឌ្ឍគម្រោងដ៏ធំនៅរាជធានីភ្នំពេញ គឺទីក្រុង រណបអ៉ឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅ ខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការប្រកបដោយ យុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យ កសិកម្ម ដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១០០០ ហិកតា ដោយមានការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មដ៏ទំនើប ចុងក្រោយ និងបង្កើនភាពប្រកួតប្រជែង ព្រមទាំងមុខមាត់ខេត្ត សៀមរាប កើនឡើងមួយកម្រិតទៀត។ លោកថា នេះឆ្លុះបញ្ចាំងការចូលរួមចំណែកស្របតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដ៏មុតស្រួចនៅក្នុងយុគសម័យថ្មីនៃ រាជរដ្ឋាភិបាល អាណត្តិទី៧។

លោកបន្ថែមថា តាមរយៈកិច្ចសហការដ៏ជិតស្និត រវាងក្រុមហ៊ុន អាយអិនជី ហូលឌីង និងក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក បាននាំមកនូវកសិកម្មបែប ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេសដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យ កសិកម្មនៅកម្ពុជា ជាមួយការប្ដេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពល នៃបច្ចេកវិទ្យា ដើម្បីធ្វើបដិវត្តន៍ ការអនុវត្ត កសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះក៏ជាការបង្កើតឱកាសការងារថ្មីនៅក្នុងវិស័យកសិកម្ម ជាមួយនិងការរីកចម្រើននៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធី បណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ ថ្មីឲ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

សូមជម្រាបថា លោក អ៉ឹង ស៊ីវខូវ មានវ័យ២៦ ឆ្នាំ ជាកូនប្រុសទី២ របស់ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ប្រធានអគ្គនាយកក្រុមហ៊ុន ING Holding។ បច្ចុប្បន្ន លោក អ៉ឹង ស៊ីវខូវ កំពុងកាន់តួនាទីជាអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និងជាភាគទុនិក ធនាគារឯកទេសដូនពេញ ម.ក ខណៈដែលបងប្រុសរបស់ លោក គឺ លោក អ៉ឹង ស៊ីវម៉េង ក៏ជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប៕