ឧកញ៉ា ទ្រី ដាលុច៖ រយៈពេល ២៥ឆ្នាំចុងក្រោយ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ កម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត

ជុំវិញ​ឧកញ៉ា


ឧកញ៉ា ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជានាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រយៈពេល ២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ សម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា ទទួលបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយល់ឃើញរបស់លោកឧកញ៉ា ធ្វើឡើងក្នុងពេលដែលលោកចុះជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

នៅចំពោះមុខគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ទាំងអស់ ឧកញ៉ា ទ្រី ដាលុច បានបន្ដថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្មវិធីនយោបាយ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេស គឺ «បច្ចេកវិទ្យាឌីជីថល»។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះចំនួន ៥ ដោយបន្ថែម បច្ចេកវិទ្យា និងបន្តកំណត់យក មនុស្ស ជាអាទិភាពទី១ ដែលជាចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែល្អប្រសើរដើម្បីឈានទៅអភិវឌ្ឍន៍លើវិស័យផ្សេងៗច្រើនទៀត។

ទន្ទឹមនឹងការលើកឡើងនេះ ឧកញ៉ា ទ្រី ដាលុច បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនសិស្ស និស្សិតទាំងអស់ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង ពង្រឹង សមត្ថភាព ហើយផ្សាភ្ជាប់នឹងបទពិសោធន៍ ឈានទៅសម្រេចគោលដៅនាពេលអនាគត៕