ឧកញ៉ា ហួត ឈឿន ប្រកាសរៀបចំបុណ្យឆ្លងប្រគេនអណ្ដូងទឹកស្អាត ដល់ព្រះអង្គ វន វាសីច័ន្ទមុនី នៅចុងខែមេសានេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ​នេះ​ បាន​ប្រកាស​រៀបចំពិធីបុណ្យឆ្លងប្រគេនអណ្ដូងទឹកស្អាត ទី៣ និងទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤​ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានលើកឡើង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក យ៉ាងដូច្នេះ​ថា៖ “សូមគោរពឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ពុទ្ធបរិសទ្ធ័ទូទាំងប្រទេស ដែលបានចូលរួមបច្ច័យ​កសាងអណ្តូងទឹកស្អាត និងប្រព័ន្ធទឹកស្អាតនៅវត្ត​ជោតប្បនារាម ហៅ (វត្តតាសុត) វត្តព្រះអង្គវនវាសីចន្ទមុនី ខ្ញុំសូមជម្រាបជូនថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​៤រសៀល ធ្វើបុណ្យដាក់​ឆ្លងអណ្តូងទី៣ និង ទី៤”។

ឧកញ៉ា ហួត ឈឿន បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា កម្មវិធី​ខាង​លើ​​ក៏​នឹង​មាន​ការ​ដាំនិងបំបួសដើមឈើចំនួន៤មុខ មានដើម​ព្នៅចំនួន៤ដើម ដើមស្រម៉ចំនួន៤ដើម ដើមម្តិញចំនួន២ដើម និងដើមសន្តាន់២ដើម ដែល​សុទ្ធសឹង​ជា​ដើមឈើដែលយើង​ស្ទើរ​តែ​ភ្លេច ហើយមិនដែល​ស្គាល់ផង។ ហេតុនេះ លោកឧកញ៉ា​សូមអញ្ជើញចូលរួមទទួលមគ្គផល​តាមសទ្ធារៀងៗខ្លួន​ដែលលោក-លោកស្រីបានសាង។

លោកឧកញ៉ា ហួត ឈឿន ធ្លាប់​បានបញ្ជាក់ថា អណ្តូងដំបូង (ទី១) និងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែក​អណ្តូង​ទី៣ ទោះសាង​សង់​រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយ​ទេ ចាំ​វេរ​​ប្រគេន​រួមគ្នា​ជាមួយ​នឹង​អណ្តូង​លើកទី៤តែម្តង។ សូមជម្រាបថា ឧកញ៉ា ហួត ឈឿន ប្រគេនអណ្ដូងទឹកស្អាតទាំង៤​នេះ​ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី គឺ​ដើម្បី​ទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ៕