នៅក្នុងឱកាស ចម្រើនព្រះជន្ម ១០០ព្រះវស្សា ឪពុកអ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា១លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការប្រកួតបាល់ទាត់មនុស្សធម៌

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហុង ទី ឪពុកបង្កើតរបស់អ្នកឧកញ៉ា ហុង ពីវ នៅក្នុងឱកាសខួបចម្រើនព្រះជន្ម១០០ព្រះវស្សា ឆ្នាំនេះ បានបរិច្ចាគថវិកាចំនួន១លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការប្រកួតបាល់ទាត់មនុស្សធម៌របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកឧកញ៉ា ហុង ពីវ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកួតបាល់ទាត់មនុស្សធម៌របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នឹងធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរ ប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។

ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បី ប្រមូល ថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់ កុមារកម្ពុជា។ សម្តេចតេជោ ក៏បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម ថវិកា ចំនួន ២០០លាន រៀល៕