អ្នកឧកញ៉ា លឹម ហេង ដឹកនាំសមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធី SelectUSA ស្វែងរកឱកាសវិនិយោគនៅសហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរូមកិច្ចជំរុញពាណិជ្ជកម្មក្រោមកម្មវិធី SelectUSA របស់សហរដ្ឋអាមេរិក ដើម្បីស្វែងយល់ និងពិនិត្យមើលឱកាសវិនិយោគនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មបានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងនៅស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលនៅសហរដ្ឋអាមេរិក និងបង្ហាញអំពីគន្លឹះក្នុងការពង្រីកអាជីវកម្មនៅសហរដ្ឋអាមេរិក ដោយអ្នកជំនាញមកពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសសឹង្ហបុរី និងអ្នកជំនាញនៅស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានោះ កម្មវិធី SelectUSA ក៏មានការចូលរួមក្រុមហ៊ុន PETHYOEUNG HEALTHTECH CO., LTD. ដែលជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានបើកសាខារបស់ខ្លួននៅសហរដ្ឋអាមេរិក ក៏បានចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ស្ថានទូត ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិក-សមាជិក ផងដែរ។

សូមជម្រាបជូនថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន ថែមទាំងជាទីផ្សារគោលដៅសម្រាប់នាំចេញទំនិញសំខាន់ៗ ជាពិសេសផលិតផលកាត់ដេរវាយភណ្ឌ សម្លៀកបំពាក់និងស្បែកជើង ជាដើម។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដោយក្នុងមួយឆ្នាំៗទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសពីរទទួលបានរាប់ពាន់លានដុល្លារអាមេរិក។ ជាក់ស្តែង តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក មានចំនួន ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤ កើនឡើងចំនួន ៧,៧៤% បើធៀបរយៈពេលដូចគ្នា កាលឆ្នាំ២០២៣៕