អ្នកឧកញ៉ា សុខ គង់ ធ្វើដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន ដើម្បីកៀរគរអ្នកវិនិយោគជប៉ុន មកវិនិយោគលើភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេនគ្រុប និងអ្នកឧកញ៉ា គឹម ឡេង កាលពី​ដើម​សប្តាហ៍​កន្លងទៅនេះ ​​បាន​ដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់​នៃ​​ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេនគ្រុប ​​ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ​ក្នុងគោលបំណង​កៀរគរ​អ្នកវិនិយោគ​ជប៉ុន ឱ្យមក​វិនិយោគលើភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអញ្ជើញទៅដល់​របស់ អ្នកឧកញ៉ា សុខ គង់ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ត្រូវបាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ​ពី​សំណាក់​គណៈគ្រប់គ្រង និងអភិបាលក្រុង ព្រមទាំងពាណិជ្ជករ នៃទីក្រុង Asakuchi នៃប្រទេសជប៉ុន ដោយ​បាន​ពិភាក្សាអំពីអាជីវកម្ម និងសក្តានុពលក្នុងការវិនិយោគ នៅលើភ្នំបូកគោ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគសូគីម៉ិច គ្រុប ក៏បានប្រគល់​នូវប័ណ្ណដែលតំណាង​ឱ្យ​ព្រះពុទ្ធប្បដិមាអង្គតូចមានឆ្លាក់ឈ្មោះលោកអភិបាលក្រុង ដើម្បីជាវត្ថុអនុស្សាវរីយ៍។

តាមការបង្ហាញឱ្យដឹងពី​ក្រុមហ៊ុន សុខាអចលនទ្រព្យ ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន​នេះ​ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា គឹម ឡេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន សូគីមុិច អុិនវេស​មេនគ្រុប ក៏បានអញ្ជើញទស្សនាដំណើរការនៃការធ្វើមី udon ដោយដៃដែលជាអាហារ​ដ៏ពេញនិយមមួយ​នៅក្នុង​ប្រទេស​ជប៉ុន។

បន្ថែមពីនេះ អ្នកឧកញ៉ា សុខ គង់ ត្រូវបានស្ថានីយទូរទស្សន៍ជប៉ុន ​ធ្វើបទសម្ភាសន៍​ទាក់ទងនឹង​ផែនការ​វិនិយោគ​របស់ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប សម្រាប់ការអភិវឌ្ឍន៍ក្រុងបូកគោ។ បន្ទាប់មក អ្នកឧកញ៉ា និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន បានអញ្ជើញទស្សនារោងចក្រ ផលិតស្រា saké និងបានភ្លក់ស្រា saké របស់ជប៉ុន, បានអញ្ជើញទស្សនា​កន្លែងសិក្សាស្រាវជ្រាវភពផែនដី ដ៏ល្បីល្បាញរបស់ទីក្រុង Asakuchi និងធំបំផុត​ក្នុង​តំបន់អាសុី ព្រមទាំង​ការ​ទទួល​ទានអាហារពេលល្ងាច​ ដែល​​រៀបចំ​ដោយ​គណៈគ្រប់គ្រង និងអភិបាលក្រុង Asakuchi ផងដែរ។

សូមជម្រាបថា ភ្នំបូកគោ ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ដែល​ក្រុមហ៊ុន​របស់​ អ្នកឧកញ៉ា សុខ គង់ ទទួលបាន​សិទ្ធិ​វិនិយោគ​រយៈពេលវែងពីរាជរដ្ឋាភិបាល បច្ចុប្បន្ន​កំពុង​ដំណើរការ​អភិវឌ្ឍ​​យ៉ាង​សកម្ម​ទាំង​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ ប្រព័ន្ធ​ទឹក ប្រព័ន្ធភ្លើង ​ផ្លូវថ្នល់ ដូចជា ផ្លូវតភ្ជាប់ពីភ្នំបូកគោ ឆ្ពោះ​ទៅកាន់ផ្លូវជាតិលេខ៤ រួមទាំងគម្រោង​​​កសាង​ព្រះពុទ្ធ​ប្បដិមា​កម្ពស់១០៨ម៉ែត្រ ដែល​គ្រោង​ចំណាយ​ដល់ ៤០លាន​ដុល្លារ​ជាដើម៕