អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេននៅទីតាំងសហគ្រាសផលិតទឹកពិសាឋានសួគ៌បូគោថ្មី ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន។
![](https://www.oknha.news/wp-content/uploads/2025/01/1-6-1024x731.jpg)
អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាម្ចាស់សណ្ឋាគារ សុខា ធ្លាប់បានបង្ហើបឱ្យដឹង កាលពីពេលកន្លងមកថា លោកបានបោះទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដោយប្រើបច្ចេកវិទ្យាទំនើបផលិតចេញពីទឹកភ្លៀងធម្មជាតិនៅលើភ្នំបូកគោតែម្តង និងមិនមានសារធាតុគីមីនោះទេ។
ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» ជាតំបន់ដែលមានសក្តានុពលបែបធនធានធម្មជាតិ និងប្រវត្តិសាស្ត្រ។ នៅលើភ្នំពេញនេះ មានអំណោយផលល្អសម្រាប់វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងការវិនិយោគនានា។ យ៉ាងណាមិញ នៅលើភ្នំបូកគោ មានបឹងធម្មជាតិដ៏ធំមួយ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប ហើយបឹងធម្មជាតិនេះបច្ចុប្បន្នត្រូវបានប្រើប្រាស់មួយភាគធំក្នុងការផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ”។
គួរបញ្ជាក់ថា ក្រុមហ៊ុនបូកគោហ្វាម បានបង្កើតរោងចក្រផលិតទឹកសុទ្ធ “ឋានសួគ៌បូកគោ” តាំងពីឆ្នាំ ២០១៧មក ដោយបច្ចុប្បន្នការផលិតមានចំណុះផ្សេងៗគ្នាតាមតម្រូវការដូចជា ចំណុះ ៣៣០មីលីលីត្រ ៥០០មីលីលីត្រ ១,៥លីត្រ និងប្រភេទកាដុងធំ ២០លីត្រ។ ទឹកពិសាបរិសុទ្ធសុទ្ធ “ឋានសួគ៌បូកគោ” ផលិតឡើង ដើម្បីផ្គត់ផ្គង់សណ្ឋាគារសុខាទាំង ៧ទីតាំង និងតាមការ៉ាសាំងសូគីម៉ិចនិងម៉ាត ចែកចាយនៅតាមផ្សារទំនើបនានា ព្រមទាំងការទិញពីប្រជាពលរដ្ឋទូទៅ ទុកពិសាក្នុងគ្រួសារជាច្រើនផងដែរ៕
![](https://www.oknha.news/wp-content/uploads/2025/01/472231159_898613975767446_1635744150962912975_n-1024x837.jpg)
![](https://www.oknha.news/wp-content/uploads/2025/01/2-8-1024x855.jpg)
![](https://www.oknha.news/wp-content/uploads/2025/01/3-4-1024x713.jpg)
![](https://www.oknha.news/wp-content/uploads/2025/01/DSC06979-1536x1024-1-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/01/photo_2022-11-21_12-30-42-1024x498.jpg)
![](https://www.oknha.news/wp-content/uploads/2025/01/270260195_1107200570032676_1505685753078600404_n-1024x684.jpg)