លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អនុប្រធាន និងសមាជិក សមាជិការបស់សមាគមជាច្រើនរូប កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ តំណាងសភាពាណិជ្ជកម្មកម្ពុជា-អាមេរិក ដើម្បីពិភាក្សាលើចំណុចសំខាន់ៗចំនួន នៅទីស្នាក់ការរបស់សមាគម។

តាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះបានពិភាក្សាលើចំណុចសំខាន់ៗដូចជា៖ ១.បង្ហាញអំពីសមាសភាពថ្នាក់ដឹកនាំ សមាជិក និងតួនាទីរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អាមេរិក ២.ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ៣.បង្ហាញអំពីឱកាស និងសក្តានុពលនៃការវិនិយោគរវាងប្រទេសទាំងពីរ ៤.ការបង្កើតឱកាស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា ព្រមទាំងមានកម្មវិធីពិសារអាហារសាមគ្គីរួមគ្នាផងដែរ។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា បានរងនូវផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច និងបញ្ហាសកលនៃសង្គ្រាមនៅបណ្តាប្រទេសមួយចំនួន។ ក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី ហួរ ធ្លាប់បានលើកឡើងថា បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះជាសកល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសលើវិស័យអចលនទ្រព្យ ខណៈដែលបច្ចុប្បន្ននេះ គម្រោងបុរី និងខុនដូ ការលក់មានការធ្លាក់ចុះយ៉ាងខ្លាំង។ ទោះយ៉ាងណា លោកអ្នកឧកញ៉ា ក្នុងនាមជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តែងតែជួបធុរជនក្នុងស្រុក និងបរទេសជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យនេះឱ្យមានសន្ទុះឡើងវិញ ពិសេសគឺវិស័យលំនៅឋាន៕






