នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ក្រុមវាស់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនប្រជាពលរដ្ឋស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងក្រុងច្បារមន សរុបចំនួនប្រមាណ ៣,២៦០នាក់។
លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្ថែមថា ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្តក្រុងស្រុកនៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ៕







