អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស បានបង្ហោះសារលើកទឹកចិត្ដប្រជាជនខ្មែរ កុំឱ្យតូចចិត្ដនឹងការប្រមាថរបស់អ្នកដទៃ ត្រូវជូតទឹកភ្នែកបន្តដើរលើផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅទិសដៅជោគជ័យ។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា « មុននឹងឈានជើងដល់ថ្ងៃនេះខ្ញុំទទួលការប្រមាទរាប់មិនអស់ ហើយមកដល់ថ្ងៃនេះក៏នៅតែមានការប្រមាថច្រើនដដែល»។
អ្នកឧកញ៉ា បានបន្ដថា «ប៉ុន្ដែរាល់ការប្រមាថទាំងនោះមិនបានបង្អាក់ឆន្ទ: ឧត្តមគតិ ក្នុងការបន្តដើរផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅទិសដៅជោគជ័យរបស់ខ្ញុំនោះដែរ»។

អ្នកឧកញ៉ា សួរ វីរៈ សង្កត់ធ្ងន់ថា ការប្រមាទអាចជាកម្លាំងចិត្ត ហើយការប្រមាទជាវប្បធម៌មួយមិនគួរមានសម្រាប់ប្រជាជជនកម្ពុជានោះទេ។ ដូច្នេះបងប្អូនកុំទាន់តូចចិត្តនៅពេលទទួលការប្រមាទពីអ្នកដ៏ទៃ ខាំមាត់ ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែល រីសតស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១.កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕

