លោកអ្នកឧកញ៉ា ពុង ឃាវសែ នាំយកថវិកាឧបត្ថម្ភកាកបាទក្រហមកម្ពុជា ចំនួន ២០ម៉ឺនដុល្លារ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងបាននាំយកថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះ គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន និងសប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២៥លើក មានថវិកាសរុប ២,២៥៥,៥០០ ដុល្លារអាម៉េរិក៕