ឧកញ៉ា សុខ ពិសិដ្ឋ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី ដែលដឹកនាំដោយលោក ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី ដោយកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើរខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុង វិស័យសំខាន់ៗនៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ដោយមានចក្ខុវិស័យសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និង ជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥។

ជាលទ្ធផល កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាក្នុងបរិយាកាសភាតរភាព។ ភាគីទាំងពីរបានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕