ទូរថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀត ប្រភេទ Flat Top Wagon ត្រូវបានក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ របស់អ្នកឧកញ៉ា គិត ម៉េង បានទិញនិងបានដឹកមកពីប្រទេសចិន។ រថភ្លើងដឹកទំនិញទាំងនេះត្រូវបានដឹកមកដោយកប៉ាល់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុត មុនពេលដាក់អោយដំណើរការអាជីវកម្មជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ បានឱ្យដឹងថា ការវិនិយោគនេះបង្ហាញពីភាពខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន ក្នុងការពង្រឹងសមត្ថភាពដឹកជញ្ជូន និងកែលម្អគុណភាពសេវាកម្មឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់។ រថភ្លើងប្រភេទ Flat Top Wagon នេះត្រូវបានរចនាឡើងដោយមានលក្ខណៈពិសេសសម្រាប់ដឹកទំនិញប្រភេទចម្រុះមិនថាជាប្រភេទទូកុងទ័ន័រ ទំនិញដាក់ផ្ទាល់លើទូរថភ្លើង ឬស៊ីទែនប្រេងសាំង ហ្គាស ខ្សាច់ និងទំនិញផ្សេងៗទៀត។
សូមជម្រាបជូនផងដែរថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់ រ៉េលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ៕

