លោកជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ពីវិទ្យាស្ថានជាតិអប់រំ និងត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់សញ្ញាបត្រជូនដោយផ្ទាល់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

លោកជំទាវឧកញ៉ាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ PPIU បានបញ្ចប់ប្រកបដោយជោគជ័យក្នុងការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ឯកទេសភាពជាអ្នកដឹកនាំក្នុងវិស័យអបរំ ក្រោមប្រធានបទ «អភិវឌ្ឍន៍យុទ្ធសាស្រ្តស្ដីពីការដឹកនាំអប់រំឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សា៖វិធីសាស្រ្តស្រាវជ្រាវចម្រុះ» កាលពីពេលថ្មីៗកន្លងមកនេះ។
ការទទួលសញ្ញាបត្ររបស់លោកជំទាវឧកញ៉ា គឺក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា។ សម្តេចបានគូសបញ្ជាក់ថា កំណែទម្រង់គ្រូបង្រៀនផ្តោតលើកត្តាសំខាន់ចំនួន ៤ គឺ៖ ១.កែលម្អកម្មវិធីបណ្តុះបណ្តាល, ២.ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន, ៣.ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំ ដោយផ្តល់ឱកាសឱ្យគ្រូមានលទ្ធភាពបណ្តុះបណ្តាលសមត្ថភាពពេញមួយជីវិត និង ៤.កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
សូមជម្រាបថា វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយ របស់កម្ពុជា៕





