ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានបង្ហើបប្រាប់ពីការរក្សាស្តង់ដា នៃការរស់នៅរបស់ខ្លួន ដើម្បីឱ្យជីវិតទទួលបាននូវភាពរីករាយ និងភាពជោគជ័យ គឺសូមរស់នៅនឹងជីវិតពិតរបស់យើង និងរក្សាស្តង់ដាជីវិតរបស់ខ្លួនឯង។

ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ឃើញគេមានបានជាង លោកអបអរសាទរគេ ចេះរីករាយនឹងភាពរីកចម្រើនរបស់អ្នកដទៃ។ មិត្តភ័ក្តិ បងប្អូន អ្នកស្គាល់គ្នា ពេលគេជោគជ័យ លោកអបអរសាទរ មិនច្រណែនគេ មិនស្អប់ បើឱ្យស្អប់នរណា គឺលោកមិនចេះស្អប់ទេ លោកចេះតែសប្បាយខ្លួនឯង ហើយបងប្អូនជាច្រើនស្គាល់លោក ឃើញលោកលេងហ្វេសប៊ុកច្រើន អ្នកខ្លះថា គីម ហ៊ាង អួត។ ទោះយ៉ាងណា លោកចេះនិយាយល្អគ្រប់យ៉ាង នូវអ្វីដែលលោកមាន មិនដែលបង្អាប់គេទេ។
លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់បែបនេះទៀតថា៖ “ដូច្នេះអត្ថន័យជីវិតដែលខ្ញុំមានរាល់ថ្ងៃ គឺពេញចិត្តអ្វីដែលខ្ញុំមាន និងអ្វីដែលខ្ញុំខំ។ ហេតុអ្វីខ្ញុំខំ? ព្រោះជាទម្លាប់របស់ខ្ញុំ ដែលខ្ញុំខំធ្វើការ ខំធ្វើអ្វីៗគឺតាំងពីដើមមក ខ្ញុំខំបែបហ្នឹង។ អ្នកជិតស្និទ្ធគាត់ថា ខំធ្វើខ្លាំងធ្វើអ្វី បើលុយចាយមិនអស់ផង ហើយខ្ញុំថា ខ្ញុំខំមិនមែនដើម្បីតែលុយឯណា ព្រោះជាទម្លាប់របស់ខ្ញុំតែងខិតខំជានិច្ច។ ខ្ញុំធ្វើការពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ពីព្រឹកដល់យប់ គឺខ្ញុំតែងធ្វើបែបហ្នឹង។ សរុបជារួមយ៉ាងខ្លី អត្ថន័យនៃជីវិត សូមរស់នៅនឹងជីវិតរបស់យើង ទោះបីយើងមានជាង ធំជាង ក្រជាង លំបាកជាង ស្រួលជាង អ្វីក៏ដោយត្រូវតែរក្សាស្តង់ដាជីវិត កុំឱ្យផ្លាស់ប្តូរទៅតាមអ្វីដែលប្រែប្រួល។ រូបសម្បត្តិ អាយុ សុខភាពប្រែប្រួល ប៉ុន្តែស្តង់ដាជីវិតរបស់ខ្លួនឯងត្រូវតែរក្សាឱ្យបាន”។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើសពីនេះ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ក៏ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕




