អ្នកឧកញ៉ា ម៉ុង ឬទ្ធី៖ បើយើងជ្រើសរើសជ្រូកមេបាពូជបានល្អត្រឹមត្រូវនឹងទទួលបានកូនច្រើនហើយចិញ្ចឹមឆាប់ធំធាត់លឿនរហ័ស

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា បើយើងមិនបានជ្រើសរើសពូជឱ្យបានល្អទេនោះ មេជ្រូកយើងកើតកូនពីរដងកន្លះក្នុងមួយឆ្នាំបានកូនមិនដល់២០ក្បាលផង ហើយចិញ្ចឹមលើសពី២១សប្ដាហ៍មិនបានទម្ងន់១០០គីឡូក្រាម វាធ្វើឱ្យតម្លៃផលិតរបស់យើងចេះតែកើនឡើងខ្ពស់ទៅៗ រួចហើយនាំគ្នាស្រែកថាផលិតបានហើយពិបាករកទីផ្សារ និងលក់មិនរួចថ្លៃចិញ្ចឹម ប៉ុន្តែមានការជ្រើសរើសពូជមេបាបានល្អនឹងទទួលបានកូនច្រើន ហើយការចិញ្ចឹមឆាប់ធំធាត់បានលឿនរហ័សថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបណ្តាញទំនាក់ទំនងផ្លូវការ របស់អ្នកឧកញ៉ា ម៉ុងឬទ្ធី នៅក្នុងដំណើរចុះពិនិត្យមើលដំណើរការសកម្មភាពរោងចក្រផលិតចំណីសត្វ នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថា សម្រាប់អ្នកប្រកបអាជីវកម្មចិញ្ចឹមសត្វត្រូវតែជ្រើសរើស៖ (ទី១)-ពូជឱ្យបានល្អ (ទី២)-វត្ថុធាតុដើមចំណីឱ្យត្រឹមត្រូវតាមស្តង់ដារ (ទី៣)-ឱ្យមានទឹកស្អាតគ្រប់គ្រាន់ (ទី៤)-ការថែទាំនិងអនាម័យ និង(ទី៥)-រៀបចំប្រព័ន្ធជីវសុវត្ថិភាពស្តង់ដារ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសង្កត់ធ្ងន់ថា “បើយើងជ្រើសរើសពូជជ្រូកបានល្អត្រឹមត្រូវវិញនោះ ដូចបច្ចុប្បន្ននេះយើងមានពូជមកពីប្រទេសដាណឺម៉ាក អាចបង្កើតកូនពីរដងកន្លះក្នុងមួយឆ្នាំ និងមានសមត្ថភាពអាចបង្កើតកូនបានលើសពី៣០ក្បាលឯណោះ។ បើយើងផ្តល់ចំណី ទឹកស្អាត ធ្វើអនាម័យ ថែទាំនៅក្នុងទ្រុងអ៊ីវ៉េប ឬទ្រុងបិទ (ម៉ាស៊ីនត្រជាក់)ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះ វានឹងអាចធំធាត់លឿនបានយ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលត្រឹម២១សប្ដាហ៍ វានឹងអាចធំលូតលាស់បានលើសពី១០០គីឡូក្រាម”។

អ្នកឧកញ៉ា លើកឡើងថា ករណីដូចខាងលើនេះហើយបានជាក្រោយសង្គ្រាមឆ្នាំ៧៩ យើងតែងតែទិញមេបាពូជជ្រូកមកពីប្រទេសជិតខាង យកមកចិញ្ចឹមបង្កាត់ពូជបង្កើតកូនជ្រូកសាច់មិនទទួលបានជោគជ័យ ចំណាយពេលចិញ្ចឹមយូរ កើតកូន បានតិច ទើបនៅក្នុងឆ្នាំ២០០៨ខ្ញុំបានសម្រេចចិត្តទិញមេបាដូនតាទួតជ្រូកពូជយ៉កសៀ មកពីចក្រភពអង់គ្លេសចំនួន៦៥០ក្បាល ដឹកតាមយន្តហោះ៣ជើង យកមកបង្កាត់បន្តពូជលក់ចែកចាយជូនប្រជាកសិករទូទាំងប្រទេស ព្រមទាំងបានលក់ចែកចាយទៅអោយប្រទេសជិតខាងយើងបានមួយចំនួនផងដែរ។

ទាក់ទងនិងការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះផងដែរ បើយោងតាម លោក លី ឡាវិល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា តម្រូវការនិងការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារនៅបន្តមានស្ថិរភាពល្អដោយក្នុងមួយថ្ងៃមានពី៩ពាន់ក្បាល ទៅ១ម៉ឹនក្បាល នៅទូទាំងប្រទេស ហើយផ្អែកលើស្ថិរភាពនៃការផ្គត់ផ្គង់នេះ ឃើញថាតម្លៃជ្រូករស់នៅលើទីផ្សារសម្រាប់កសិករដែលជាអ្នកចិញ្ចឹមជ្រូកលក់បានថ្លៃចន្លោះពី១ម៉ឺនរៀល ទៅ១ម៉ឺន ១ពាន់រៀល ក្នុងមួយគីឡូក្រាម៕SL