អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អុិចប្រេស និងជាកុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល ប្រចាំនៅកម្ពុជា បានបង្ហើបឱ្យដឹងថា នាពេលខាងមុខនេះ នឹងមានការបញ្ជូនពលករកម្ពុជារាប់ពាន់នាក់ ទៅបម្រើការងារក្នុងវិស័យកសិកម្ម សំណង់ និងសេវាកម្ម នៅប្រទេសអុីស្រាអែល។

អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងតាមរយៈសារលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែឧសភានេះ ដូច្នេះថា៖ “ដំណឹងរីករាយសម្រាប់ប្រជាជនកម្ពុជា! ក្រោយជំនួបឯកអគ្គរាជទូតអុីស្រាអែល ប្រចាំទីក្រុងបាងកក នាឱកាសខួបឯករាជ្យលើកទី៧៧ របស់ប្រទេសអ៊ីស្រាអែល លោកជំទាវបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតម៉ាំថានឹងពន្លឿនការចុះហត្ថលេខាជាមួយរាជរាដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកំលាំងពលកម្មកម្ពុជា ទៅបម្រើការងារក្នុងប្រទេសអុីស្រាអែលក្នុងពេលឆាប់ខាងមុននេះ”។
អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ទៀតថា ដំណាក់កាលដំបូងអុីស្រាអែលនឹងទទួលកម្លាំងពលកម្មកម្ពុជាចំនួន ៣,០០០នាក់ ក្នុងវិស័យកសិកម្ម ហើយសង្ឃឹមថានឹងបន្តលើវិស័យផ្សេងៗទៀតដូចាជា សំណង់ និងសេវាកម្ម។ ដោយឡែក មកទល់បច្ចុប្បន្ននេះ ប្រជាជនថៃប្រមាណ ៤០,០០០នាក់ហើយ បាននិងកំពុងធ្វើការនៅក្នុងប្រទេសអុីស្រាអ៊ែល។
ប្រទេសអុីស្រាអែល មានឈ្មោះជាផ្លូវការថា រដ្ឋអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានព្រំដែនគោកជាប់ជាមួយប្រទេសលីបង់នៅភាគខាងជើង ប្រទេសស៊ីរីនៅភាគឦសាន ប្រទេសហ្សកដានីនៅភាគខាងកើត និងប្រទេសអេហ្ស៊ីបនៅភាគនិរតី ព្រមទាំងមានព្រំដែនជាប់នឹងទឹកដីប៉ាឡេស្ទីន តាមរយៈតំបន់វ៉េសប៊ែង និងដែនជ្រោយកាសាផងដែរ។ រដ្ឋអុីស្រាអែល បានប្រកាសទទួលឯករាជ្យ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ត្រូវបានប្រមុខថ្នាក់ដឹកនាំ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា កុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល ប្រចាំនៅកម្ពុជា និងត្រូវបានធ្វើពិធីតែងតាំងជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអុីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕



